ក្នុងព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៧ របស់រដ្ឋសភា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ព្រះករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា រដ្ឋសភាដែលជាអង្គការ មានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋរឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
ព្រះអង្គជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គមដែលមានវិសាលភាព គ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិវឌ្ឍ និងការអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានានូវអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជា ត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។
សូមបញ្ជាក់ថា ក្រោយព្រះរាជពិធីបើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៧នេះ អង្គរដ្ឋសភា តំណាងដោយព្រឹទ្ធសមាជិករដ្ឋសភាមួយរូប គឺសម្តេចពញាចក្រី ហេង សំរិន ក៏បានប្រកាសសុពលភាពតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច៥អាសនៈ ដើម្បីត្រៀមទៅស្បថចូលកាន់តំណែងនៅព្រះមរមរាជវាំងនៅល្ងាចនេះ មុននឹងឈានទៅចាប់ផ្តើមអនុវត្តការងាររបស់ខ្លួន ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
ក្រោយពីស្បថចូលកាន់តំណែងរួច រដ្ឋសភានឹងបន្តប្រជុំនៅថ្ងៃបន្ទាប់ គឺព្រឹកថ្ងៃទី២២ ខែសីហាស្អែកនេះ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានរដ្ឋសភា ប្រធាននិងអនុប្រធានគណៈកម្មាការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាលនៅ៕