ក្នុងពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមទ្ធិផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែសីហា នាយឧត្ដមសេនីយ៍ សៅ សុខា អមដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងទៀតថា ត្រូវអនុវត្តនូវតួនាទី និងភារកិច្ច របស់កងរាជអាវុធហត្ថដែលអនុវត្តតាមឋានានុក្រម វិន័យ នៃកងយោធពលខេមរភូមិន្ទ ច្បាប់របស់រដ្ឋ តាមបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ក៏ដូចជាបែបបទរដ្ឋបាល។
ក្រៅពីនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងកោតសរសើររដល់កងរាអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺជាគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជហត្ថខេត្តបន្ទាយមានជ័យ ដោយបានចាក់ដីបំពេញបន្ថែម ធ្វើរបងព័ទ្ធជុំវិញ និងធ្វើការសាងសង់អគារធ្វើការងារ អគារស្នាក់នៅថ្មី រួមនឹងសមិទ្ធផលនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកងរាជអាវុធហត្ថ ងាយស្រួលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ និងរក្សា សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ផងដែរថា សមិទ្ធផលដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រួមមាន អគារស្នាក់នៅមានទំហំ៨៤៤ម៉ែត្រការ៉េ (មានបណ្តោយ១១ ម៉ែត្រ និងទទឹង ២២.៣ ម៉ែត្រ) មានកម្ពស់ ០៣ ជាន់។ អគាររដ្ឋបាលមានបណ្ដោយ ១៧.៧៥ ម៉ែត្រXទទឹង ២២.៣០ម៉ែត្រមានបន្ទប់ធ្វើការចំនួន០៦បន្ទប់ បន្ទប់ទឹក០៦ បន្ទប់ និងបន្ទប់ឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន០១បន្ទប់ និងឃ្លាំងសម្ភារៈ ០១បន្ទប់ ។ អគារប្រចាំការមានបណ្តោយ ៤.៨ ម៉ែត្រ ទទឹង ១២.៣ ម៉ែត្រ រួមនឹងសមិទ្ធផលនានា សរុបថវិកាចំណាយក្នុងការសាងសង់ និងទិញឧបករណ៍ គ្រឿងបំពាក់ អស់ទឹកប្រាក់សរុបចំនួន ៥៧៤,៩១៤$(ហាសិប ប្រាំពីរម៉ឺន បួនពាន់ ប្រាំបួនរយ ដប់បួន ដុល្លារអាមេរិក) ។
នាឱកាសនោះផងដែរ នាយឧត្តសេនីយ៍ សៅ សុខា ក៏បានអញ្ជើញសំណេះសំសាលជាមួយអតីត យោធិនចូលនិវត្តន៍ ពិការ និងគ្រួសារពលី មរណ: ចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ៕