យោងតាមគណនេយ្យហ្វេសប៊ុក លោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា «សសយក»នៅថ្ងៃពុធនេះ បានផ្សាយថា ខ្នងផ្សារកាន់តែស្អាត ទាំងទេសភាព អាកាសធាតុ និងបរិយាកាសជុំវិញ ប្រៀបបីដូចជាឋានសួគ៌លើដី ពេលខ្ញុំបានមកជាលើកទី២ក្នុងខែនេះ។ អ្វីដែលធ្វើឲ្យខ្ញុំកាន់តែសប្បាយរីករាយលើសពីនេះទៀតនោះ គឺពេលដែលបានឃើញប្រជាពលរដ្ឋក្នុងសហគមន៍នេះ មានឱកាសស្រូបទាញយកផលប្រយោជន៍ផ្សេងៗ ចេញពីទេសចរណ៍ដើម្បីបង្កើនចំណូលប្រចាំថ្ងៃ និងដែលធ្វើឲ្យសហគមន៍រលាក់កងជើង បានប្រែមុខមាត់កាន់តែប្រសើរ។
លោក ហ៊ុន ម៉ានី បន្តថា ខេត្តកំពង់ស្ពឺ មានសក្តានុពលជាច្រើនទាំងភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ទាំងទេសចរណ៍ និងទាំងផ្នែកកសិ-ឧស្សាហកម្ម ឬសហគ្រាសកែច្នៃផ្សេងៗ ក្នុងនោះក៏មានខ្នងផ្សារដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល។ ការធ្វើទេសចរណ៍បែបផ្សងព្រេងមកកាន់ភ្នំខ្នងផ្សារមិនត្រឹមតែទទួលបានការលំហែអារម្មណ៍ល្អ បំភ្លេចអស់ទុក្ខកង្វល់ ជាមួយទេសភាព និងអាកាសធាតុដ៏ស្រស់ត្រកាលតែប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាផ្នែកមួយជួយដល់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាផ្តល់ផលចំណេញសេដ្ឋកិច្ចជូនខេត្តទាំងមូលផងដែរ៕