ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ត្រូវខិតខំសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងផ្តោតការយកចិត្ត ទុកដាក់លើការងារពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសមាហរណកម្មខ្លួនទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងពិភពលោកឱ្យបានពេញលេញ ព្រមទាំង មានឧត្តមភាពអាចប្រៀបធៀបបានក្នុងក្របខណ្ឌអន្តរជាតិ។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណនិងកោតសរសើរផងដែរដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាសាលានគរបាលជាតិភូមិភាគ៣ ដោយបានរៀបចំឱ្យមានពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលថ្មីៗដែលសម្រេចបាន និងលទ្ធផលនៃការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិក្នុងពេលកន្លងមក។
សម្ដេចបានបង្ហាញការចាប់អារម្មណ៍ប្រកបដោយមោទនភាពយ៉ាងខ្លាំងអំពីការវិវឌ្ឍរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងហេដ្ឋារចនាសម្ព័ន្ធទន់។
សម្ដេចមានប្រសាសន៍ថា ក្នុងពេលកន្លងមកថ្មីៗនេះ សម្ដេចបានសម្ពោធសមិទ្ធផលនានានៅបណ្ឌិត្យសភានិងសាលា នគរបាលជាតិភូមិភាគមួយចំនួន និងពិនិត្យឃើញថា មូលដ្ឋានសម្ភាររូបវន្តដែលត្រូវបាន កសាងក្នុងដំណាក់កាលនេះ ពិតជាអាចឆ្លើយតបបានភាគច្រើន ទៅនឹងតម្រូវការជាក់ស្តែង នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព។
សម្ដេចចាត់ទុកស្នាដៃទាំងនេះថាបានកើតឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានស្ថិរភាពនិងវឌ្ឍនភាពជាតិលើគ្រប់វិស័យហើយប្រជាពលរដ្ឋរស់នៅក្នុងភាពសម្បូររុងរឿងប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលន សន្តិភាពពេញលេញដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំចុងក្រោយនេះ។
ក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាលនគរបាលជាតិ សម្ដេចមានប្រសាសន៍ថាក្រសួងបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះយើងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដាគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿ ទុកចិត្តទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ពីព្រោះធនធានមនុស្សដែលទទួលបានពីការ បណ្តុះបណ្តាលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រោះគ្រឹះស្ថានបណ្តុះបណ្តាលបានដើរតួនាទីយ៉ាងសំខាន់ជារោងចក កែច្នៃមនុស្ស ឱ្យមានតម្លៃនិងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល៕