ប្រធាននាយកដ្ឋាន តាវកាលិក សន្តិសុខសង្គម ហៅកាត់ថា ប.ស.ស លោក សុខ បូរ៉ា បានថ្លែងថា ចំពោះឱសថព្យាបាលក្រៅពីបញ្ជីថ្នាំនៅក្នុងមន្ទីរពេទ្យ អ្នកជំងឺត្រូវបង់ថ្លៃថ្នាំដោយខ្លួនឯង លើកលែងតែថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមដែលមិនមាននៅក្នុងមន្ទីរពេទ្យហើយនិងការ ព្យាបាលជំងឺមហារីក ដោយប្រើសារធាតុគីមីដែលត្រូវទូទាត់តាមសវាព្យាបាលនីមួយៗ។
ប្រភេទជំងឺរ៉ាំរ៉ៃទាំងនេះមានជាអាទិ៍៖ ១- ជំងឺខ្សោយបេះដូង ,២- ជំងឺសាច់ដុំបេះដូង , ៣-ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ , ៤-ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ , ៥-ជំងឺតំរងនោមរ៉ាំរ៉ៃ , ៦- ជំងឺក្រិនថ្លើម , ៧- ជំងឺសរសៃឈាមក្រហម បេះដូង , ៨- ជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២ , ៩- ជំងឺវិបត្តិចង្វាក់បេះដូង , ១០- ជំងឺក្រិនសរីរាង្គ , ១១- ជំងឺវិកលចរិត , ១២- ជំងឺលុយពុស , ១៣- ជំងឺលើសឈាម និង១៤- ជំងឺតាឡាសសឺមី ។
ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ«អត្ថប្រយោជន៍ ប.ស.ស សម្រាប់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការចូលរួមពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានប្រមាណ៦០នាក់ មកពីស្ថាប័នផ្សេងៗគ្នា លោក សុខ បូរ៉ា បានបញ្ជាក់ថា ប្រសិនបើពេទ្យមានការយឺតយ៉ាវផ្នែកសេវា ឬផ្ដល់ថ្នាំពេទ្យឱ្យមិនគ្រប់គ្រាន់ សមាជិក ប.ស.ស អាចទូរសព្ទទៅ «1286» ភ្លាមៗដើម្បីសុំកិច្ចអន្តរាគមន៍ ។
លោក សុខ បូរ៉ា បញ្ជាក់ទៀតថា ប័ណ្ណប.ស.ស មានតម្លៃស្មើគ្នាមិនថាអ្នកមានអ្នកក្រ តែលោកទទួលស្គាល់ថា ពីមុនតាមមន្ទីរពេទ្យហាក់មានការរើសអើងបន្តិចមែន ៕