ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២មកម្ល៉េះ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។
សម្តេចថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរាជធានីខេត្ត យើងបានដោះស្រាយបញ្ហាជាច្រើនរួមទាំងសមិទ្ធផលសំខាន់ៗជាច្រើនទៀតសម្រាប់ជាតិមាតុភូមិ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការមុតស្រួច និងប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងលើការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ ដែលធ្វើឱ្យមានលំនឹង និងកំណើនសេដ្ឋកិច្ច ព្រមទាំងជីវភាពប្រជាពលរដ្ឋល្អប្រសើរថែមទៀតផង។ក្នុងក្របខណ្ឌអន្តរជាតិ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្ម ដោយស្មើភាព ស្មើមុខ ស្មើមាត់ជាមួយនឹងប្រទេសនានាលើឆាកអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ បានបញ្ជាក់ទៀតថា រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យអនុម័តលើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ខណៈដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងតំណាងរាជរដ្ឋាភិបាល នឹងឡើងការពារវិសោធនកម្មច្បាប់នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជារក្សាការពារបាននូវសុខសន្ដិភាព និងម៉ាក្រូសេដ្ឋកិច្ច ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលមិនច្បាស់លាស់ជារៀងរៀលថ្ងៃ។គោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងពេលដែលពិភពលោកមានការប្រែប្រួល គឺកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយឯករាជ្យផ្អែកលើច្បាប់។
សម្តេចតេជោបានបន្តទៀតថា នៅក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានជោគជ័យ ក្នុងតួនាទីប្រធានប្ដូរវេនអាស៊ាន និងជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចំណែកនៅលើកឆាកអន្តរជាតិកម្ពុជាកំពុងចូលរួមយ៉ាងសកម្មដោយស្នើភាពស្នើសិទ្ធ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា ការអនុវត្តការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គឺជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ពិសេសការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលតែងតែកើតមានជាប្រចាំនោះ ៕