ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលប្រឹងធ្វើការអភិវឌ្ឍន៍ផ្លូវគមនាគមន៍នៅគ្រប់ទីកន្លែង គឺដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចការងារ
ថ្ងៃទី ៖ 06-06-2023, ដោយ​​ admin , 65 Views
                     
កំពង់ស្ពឺ : ស្របពេលដែលប្រទេសកំពុងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្រោមម្លប់នៃសុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការស្ថាបនា និងជួសជុលឡើងវិញដើម្បីលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវន្តគមនាគមន៍ និងសវាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីជំរុញឱ្យមានកំណើន សេដ្ឋកិច្ចការងារ សមធម៌ និងប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសតំបន់ជនបទនៅទូទាំងខេត្ត។លើសពីនេះ ការតភ្ជាប់បណ្តាញផ្លូវជនបទពីភូមិ-ឃុំនិងស្រុក គឺបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋលើផ្នែកគមនាគមន៍ដឹកជញ្ជូនផល អនុផលដែលសម្រេចបានទៅកាន់ទីផ្សារ។នេះបើយោងតាមការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង៥ខ្សែប្រវែង៩៤៤៨ម៉ែត្រនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី លើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលបេតុង៥ខ្សែនេះ ក្នុងគោលបំណងសំខាន់បំផុតនោះគឺធ្វើឱ្យមានលក្ខណៈល្អប្រសើរដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចំណេញពេលវេលា កាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនផលិតផល ក៏ដូចជាកសិផលទៅកាន់ទីផ្សារ និងមានភាពងាយស្រួល ក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ។ លើសពីនេះហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូននៅក្នុងមូលដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រវាងតំបន់ជនបទ និងទីប្រជុំជន។ហើយវិស័យនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងទៀត ដែលជាមូលដ្ឋានគ្រឹះ ក្នុងការជំរុញកំណើនប្រាក់ ចំណូលរបស់ប្រជាជននៅជនបទ។

លោក ហ៊ុន ម៉ានី គូសបញ្ជាក់ថាក្រោមដំបូលនៃសន្តិភាពនិងស្ថេរភាពនយោបាយពេញលេញ រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់ នូវយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់សំខាន់ៗនានា សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខុមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ការរក្សាបាននូវសន្តិភាពពេញលេញ ទាំងខាងនយោបាយនិងសន្តិសុខដ៏រឹងមាំនេះ បានធ្វើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច ការសាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ហើយទន្ទឹមនិងភាពរីកចម្រើនក្រោមម្លប់នៃសុខសន្តិភាពនេះទើបធ្វើប្រទេសកម្ពុជាមានឱកាសក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏ធំបានដោយជោគជ័យគឺព្រឹត្តិការណ៍sea game និងpara game ដែលធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថាជាប្រទេសតូចតែមានបេះដូងធំ។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុត ដល់រាជរដ្ឋាភិបាល ដែលបានស្ថាបនាសមិទ្ធផលថ្មីៗជាច្រើនសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យចូលរួមជួយគាំទ្រនិងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងជួយថែរក្សាការពារសមិទ្ធផល ដែលបានកសាងឡើងនាពេលនេះជាគុណប្រយោជន៍ដល់សាធារណៈ ពីព្រោះផ្លូវគឺជាសសៃឈាម សម្រាប់ធ្វើចរាចរណ៍ទៅមក ដូចដែលពាក្យចាស់លោកពោលថា “មានផ្លូវគឺមានសង្ឃឹម” ។

សូមបញ្ជាក់ផងដែរថាផ្លូវទាំង៥ខ្សែដែលបានដាក់សម្ពោធគឺបានបម្រើដល់ការធ្វើចរាចរណ៍និងផ្សារភ្ជាប់ភូមិចំនួន១២គឺភូមិរំដួល ភូមិស្រែអំបិល ភូមិបាក់ចិញ្ចៀន ភូមិត្រគៀត ភូមិថ្មបាំង ភូមិបាញ់កង្កែប ភូមិព្រៃផ្ដៅ ភូមិត្រពាំងខ្យង ភូមិព្រៃសូភា ភូមិលំពែងព្រះរាម ភូមិថ្កូវ និងភូមិសុបិន្ត នៃឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com