ទាក់ទងទៅនឹងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចតេជោ ហ៊ុន សែន បានស្ងើចសរសើរដល់ការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះថា មានទស្សនីយភាពមិនចាញ់ពិធីបើកស៊ីហ្គេមកន្លងទៅនោះទេ។
ថ្លែងនៅមុខនិស្សិតជិត៦ពាន់នាក់ នៅព្រឹកថ្ងៃចន្ទ ក្នុងពិធីប្រគល់សញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កេរ្តិ៍ឈ្មោះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានឹងបន្សល់ទុករាប់រយឆ្នាំដល់កូនចៅជំនាន់ក្រោយ ហើយព្រឹត្តិការណ៍ទាំងនេះ នឹងត្រូវឆ្លាក់ទុកនៅក្នុងវិមាន ឈ្នះ ឈ្នះផងដែរ។
សម្តេចតេជោក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ទោះបីប្រកួតឈ្នះ ឬចាញ់ ក៏នៅតែជាកីឡា យើងមិនត្រូវបាក់ទឹកចិត្តនោះទេ ប៉ុន្ដែអ្វីដែលសំខាន់ក្នុងនាមជាម្ចាស់ផ្ទះតំណាងអោយប្រជាជន១៧លាននាក់ គឺត្រូវធ្វើឱ្យបានល្អសមជាម្ចាស់ផ្ទះ ពីព្រោះអ្វីដែលសំខាន់នៃការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺបង្កើតទំនាក់ទំនងមិត្តភាពជាមួយគ្នា។ សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ានដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ៕