ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅតុលាការ ពាក់ព័ន្ធ​ករណីធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
ថ្ងៃទី ៖ 01-06-2023, ដោយ​​ admin , 77 Views
                     
បន្ទាយមានជ័យ​ : កម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាំង សុភ័ក្រ នាយការិយាល័យផែនការប្រតិបត្តិការ ចុះឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៣និង ៤០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខារ៉ាអូខេឌីហ្គោល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ កែវ​ ផានិត (ហៅខ្លឹង)​ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងផ្សាដែក បច្ចុប្បន្នស្នាក់នៅស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង​ បន្តថា​ នៅវេលាកេីតហេតុកម្លាំងអន្តរាគមន៍ដែលកំពុងចុះល្បាត បានទទួលព័ត៌មានពីអ្នកគ្រប់គ្រងខារ៉ាអូខេឌីហ្គោល​ថា មានករណីគប់កញ្ចក់ឡាន​។ ភ្លាមៗនោះកម្លាំងកងអន្តរាគមន៍ ដែលកំពុងល្បាត បានចុះដល់កន្លែងកើតហេតុ ហើយធ្វេីការឃាត់ខ្លួនជនសង្ស័យរូបនោះ រួចនាំមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយប្រគល់ឱ្យការិយាល័យជំនាញធ្វើការសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញវិជ្ជមាន។

ក្រោយឃាត់ខ្លួន​ និងសួរនាំ ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋប្រហោង គប់ទៅលើកញ្ចក់រថយន្តម៉ាក តូយ៉ូតាព្រុស ពណ៍ទឹកសមុទ្រ របស់មេជាងផ្សាដែករបស់ខ្លួនពិតប្រាកដមែន​ ដោយសាររឿងមេជាងរបស់ខ្លួនឱ្យជួយចេញថ្លៃបន្ទប់ KTV​ ខ្លួនមិនមាន​លុយ​ ហេីយមេជាងបានដើរចេញទៅក្រៅ​ ពេលនោះខ្លួនក៏មានចិត្តខឹង​ ក៏បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តមេជាងនោះតែម្តង ហើយរូបខ្លួនក៏បានប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១​ ខែមិថុនា ឆ្នាំ​២០២៣​៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com