ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងគ្រួសារ ឪពុក-កូន, បង-ប្អូនថ្លៃ, មា-ក្មួយ ដែលជារដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមានការចាប់អារម្មណ៍
ថ្ងៃទី ៖ 30-05-2023, ដោយ​​ admin , 133 Views
                     
ភ្នំពេញ : យោងតាមសារព័ត៌មាន ដើមត្នោត នៅថ្ងៃអង្គារនេះ បានផ្សាយថា ចាប់តាំងពីលោក អ៊ុក រ៉ាប៊ុន សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា (CPP) អតីតរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អតីតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមកកាន់មុខតំណែងជា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ គឺបានអូសសណ្ដោងក្រុមគ្រួសារ សាច់ញាតិឲ្យមកបម្រើការងារ «មូលជុំគ្នា» នៅក្នុងក្រសួងតែម្ដង ព្រមទាំងមានពង្រាយទៅដល់មន្ទីរជំនាញមួយចំនួនក្រោមឱវាទក្រសួង ថែមទៀត ពោលគឺ «មូល» ទាំងអំណាច ទាំងក្របខ័ណ្ឌ ទាំងផលប្រយោជន៍លុយកាក់ ជាប្រព័ន្ធ ។

សារព័ត៌មានដដែលបានផ្សាយទៀតថា លោក ភួង សោភា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកជាអ្នកសម្របសម្រួលគម្រោង ត្រូវជាប្អូនថ្លៃរបស់លោក អ៊ុក រ៉ាប៊ុន ដែលជារដ្ឋមន្ដ្រី ។

មុនពេលទទួលបានការតែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ (ខែមករា ឆ្នាំ២០១៩) និងជារដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ (ខែវិច្ឆិកា ឆ្នាំ២០១៩)លោក ភួង សោភា ជាមន្ដ្រីរាជការក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម ​​និងសំណង់ មានឋានន្តរស័ក្ដិ ឧត្តមមន្ដ្រី ថ្នាក់លេខ៦ ។ លុះក្រោយពេលបានមកកាន់មុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួចមក លោកក៏ទទួលបានការដំឡើងឋានន្តរស័ក្ដិជាបន្តបន្ទាប់ រហូតដល់ឧត្តមមន្ដ្រី ថ្នាក់លេខ២ ក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងអភិវឌ្ឍន៍ជនបទ (គិតត្រឹមឆ្នាំ២០២២កន្លងទៅ)​ ។

លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកខុទ្ទកាល័យលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវជាកូនប្រុសរបស់លោក អ៊ុក រ៉ាប៊ុន ។

មុនពេលទទួលបានការតែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ (ខែកក្កដា ឆ្នាំ២០២០)លោក អ៊ុក ពញ្ញា ជាមន្ដ្រីរាជការក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឪពុក ដែលជាអតីតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។​ លុះក្រោយពេលបានមកកាន់មុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួចមក លោកក៏ទទួលបានការធ្វើនិយ័តកម្មក្នុងក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ជនបទ វិញ ដោយមានឋានន្តរស៏ក្ដិ និងថ្នាក់មិនទាន់ច្បាស់លាស់ គិតត្រឹមដើមឆ្នាំ២០២២កន្លងទៅ (វរមន្ដ្រី ថ្នាក់លេខ១ នៅខែតុលា ឆ្នាំ២០១៩ និងវរមន្ដ្រី ថ្នាក់លេខ២ នៅខែមីនា ឆ្នាំ២០២២) ។

កាលពីដើមឆ្នាំ២០២៣កន្លងទៅ លោកស្រី គង់ សុធីរី អតីតប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឋានន្តរស័ក្ដិ ឧត្តមមន្ដ្រី ថ្នាក់លេខ៥ (គិតត្រឹមដើមឆ្នាំ២០២២) ត្រូវជាភរិយារបស់លោក ភួង សោភា​​ ក៏ទទួលបានការតែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ ប៉ុន្តែមិនទាន់បានដឹងថា លោកស្រី នឹងទទួលបានការធ្វើនិយ័តកម្មមកស្ថិតក្នុងក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ជនបទ «មូលជុំគ្នា» ជាមួយស្វាមី និងក្មួយ ឬយ៉ាងណានៅឡើយទេ ។

យ៉ាងណាក៍ដោយជុំវិញរឿងនេះ គ្រាន់តែជាការផ្សាយពីសារព័ត៌មាន ដើមត្នោត ប៉ុណ្ណោះ ក៍ប៉ុន្តែសារព័ត៌មាន Cam Post មិនទាន់អាចសុំការពន្យល់ពីក្រុមគ្រួសារ លោក អ៊ុក រ៉ាប៊ុន បាននៅឡើយទេជុំវិញរឿងនេះ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com