ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ហ៊ុន ម៉ាណែត ៖ វិស័យសាសនា អាចរីកលូតលាស់ទៅបានអាស្រ័យដោយមានការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការ
ថ្ងៃទី ៖ 24-05-2023, ដោយ​​ admin , 89 Views
                     
ត្បូងឃ្មុំ : លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យសាសនា អាចរីកលូតលាស់ទៅបានអាស្រ័យដោយមានការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការ, ព្រះតេជគុណព្រះសង្ឃ, គណៈគ្រប់គ្រង-អាចារ្យវត្ត ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ។

ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ស្ថិតនៅភូមិដំណាក់, ឃុំជំនីក, ស្រុកក្រូចឆ្មារ, ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា ការរក្សាបាននូវស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែក ក្នុងការកសាងអភិវឌ្ឍមូលដ្ឋាន និងស្រុកកំណើតរបស់ខ្លួន គឺពិតជាកត្តារួមចំណែកដ៏ធំធេងក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជនទាំងលើការផ្តល់សេវាសាធារណៈ និងការគិតគូរយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្ត តាមរយៈការបង្កលក្ខណៈដល់ការគោរពបដិបត្តិគ្រប់សាសនាទៅតាមជំនឿរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព, សិទ្ធិសេរីភាព និងជីវភាពល្អប្រសើររបស់ប្រជាជន។

បើតាមលោក ហ៊ុន ម៉ាណែត ការស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺអាចឆ្លុះបញ្ចាំងឱ្យឃើញអំពី ការសម្រេចផ្ទុកផ្តាក់ផ្ញើជោគវាសនា និងការផ្តល់ជឿទុកចិត្តជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការការពារ និងសង្គ្រោះអាយុជីវិតពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។ យើងទាំងអស់គ្នា មានសំណាង ពីព្រោះមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតតាំងពីសម័យស្រុកទេសមានសង្គ្រាម និងធ្លាក់ក្នុងជម្លោះបែកបាក់ ហើយបានបន្តកសាងស្តារប្រទេសជាតិពីបាតដៃទទេ រហូតឈានឆ្ពោះមកដល់ការអភិវឌ្ឍ ដូចសព្វថ្ងៃ ហើយ សម្តេចតេជោ តែងបានប្តេជ្ញាចិត្តថា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីមិនឱ្យកូនខ្មែរធ្លាក់ទៅក្នុងរណ្តៅនៃទុក្ខវេទនា ដូចកាលជំនាន់មុនឡើយ។

លោកថា វត្តអម្ពវ័ន (ហៅ វត្តស្វាយដំណាក់) ក៏ដូចជាឃុំជំនីក និងស្រុកក្រូចឆ្មារទាំងមូល គឺជាទឹកដីភូមិដ្ឋានដ៏កក់ក្តៅ ពីព្រោះមានប្រវត្តិសាវតាររបស់ប្រមុខថ្នាក់ដឹកនាំទាំង សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តើមចេញតស៊ូចូលព្រៃម៉ាក់គី ដើម្បីដង្ហែតាមអតីតព្រះមហាក្សត្រតាមការអំពាវនាវរបស់ព្រះអង្គ ក្នុងគោលដៅយាងព្រះអង្គមកគង់ដឹកនាំប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ។ ពិតណាស់ ទីកន្លែងនេះ ក៏ជាសក្ខីកម្មដែលក្រើនរំឭកអំពីការតស៊ូ, ទុក្ខសោកនៃសង្រ្គាម, ការលះបង់ប្រកបដោយភក្តីភាព និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅរបស់អ្នកជំនាន់មុន ក្នុងបុព្វហេតុជាតិ, សាសនា និងព្រះមហាក្សត្រ។

ក្រៅពីនោះ លោក សូមចូលរួមត្រេកអរ និងអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកំពុងកើតឡើងនៅក្នុងស្រុកក្រូចឆ្មារ និងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស។ ដូច្នេះ សូមបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជំនឿទុកចិត្តមកលើ សម្តេចតេជោ ក្នុងការបន្តដឹកនាំបម្រើជាតិ និងប្រជាជនទៅមុខបន្ថែមទៀត ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com