លោកថា កីឡាមិនត្រឹមតែនាំមកនូវសុខភាព ប៉ុន្តែកីឡាថែមទាំងបង្កើតសាមគ្គីភាពសម្រាប់យើងគ្រប់គ្នា។ សម្រាប់ក្រុមជនមានពិការភាព ការផ្តល់លទ្ធភាពឲ្យបានចូលរួមប្រកួត ជាការលើកស្ទួយនូវសិទ្ធិ សេរីភាព សមភាព និងការទទួលស្គាល់យ៉ាងពេញលេញនូវសិទ្ធ និងសេរីភាពរបស់ពួកគាត់។
ក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការទទួលគណៈប្រតិភូប៉ារ៉ាហ្គេមទាំង១១ប្រទេស មកកាន់ទឹកដីដ៏ស្រស់បំព្រងរបស់យើង។សូមចូលរួមគាំទ្រដល់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជារបស់យើង ខណៈវេលានេះអត្តពលិកទាំងអស់បាន និងកំពុងផ្តោតទាំងកាយទាំងចិត្ត ស្មារតី ក្នុងការហ្វឹកហាត់តាមវិញ្ញាសារនីមួយៗ ក៏ដូចជាត្រៀមខ្លួនគ្រប់ជ្រុងជ្រោយក្នុងការសម្រេចឱ្យបាននូវជោគជ័យជាសមិទ្ធផលថ្មីបន្ថែមជូនជាតិមាតុភូមិរបស់យើង ៕