សារព័ត៌មានថៃ វៀតណាម និងកម្ពុជា បានចុះផ្សាយព្រោងព្រាតទាំងនៅលើបណ្ដាញសង្គមផង ពីភាពអង់អាចរបស់កីឡាការិនី រត់ប្រណាំង «បូ សំណាង» ដោយកាសែតបរទេសទាំងនោះបានផ្តិតយកសកម្មភាពភាពរត់ចម្ងាយនេះ សរសេរពីភាព តស៊ូ របស់នាង រហូតដល់គោលដៅ ទោះចាញ់ក៏ដោយ ក៏នាងមិនបោះបង់ពីការរត់ បញ្ឈប់កណ្តាលទីឡើយ។ មានអ្នកខ្លះបានបង្ហោះថា "នេះជាមេរៀនដែលខ្ញុំបានរៀនពី សំណាង" ។ ទោះបីជាគោលដៅនៅឆ្ងាយ នាងទៅទាល់តែដល់ ទោះយឺតជាងអ្នកដទៃ ប្រឹងប្រែងទៅមុខ មិនបោះបង់ មិនថាជួបឧបសគ្គបែបណា ដំណេីរដ៏វែងឆ្ងាយនៃជីវិត អ្នកនឹងជួបឧបសគ្គគ្រប់បែបយ៉ាង ព្យុះភ្លៀង បង្រៀនយេីងអោយជម្នះទៅមុខទៀត ។ អ្នកអាចយំបាន តែអ្នកមិនត្រូវចុះចាញ់ជាដាច់ខាត។ ដល់គោលដៅមុន ឬក្រោយ មិនសំខាន់ សំខាន់ មិនបោះបង់គោលដៅខ្លួនឯងពាក់កណ្តាលទី។ ជីវិតយេីងម្នាក់ៗដូចការរត់ប្រណាំង ឆ្លងកាត់ភ្លៀងព្យុះ ដូច បូ សំណាង បែបនេះឯង។ បូ សំណាង រត់មកដល់ទី ក្រោយគេ លើកទង់ជាតិកម្ពុជា ទាំងទឹកភ្នែក ពេលមេឃ កំពុងភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ខ្លាំង ។
សូមជូនពរដល់ កីឡាការិនី បូ សំណាង នឹងយកជ័យជំនះ សម្រាប់ពេលក្រោយៗទៀត។ អ្នកមានបេះដូងធំទូលាយ ប្រទេសជិតខាង ត្រូវបានអ្នកប្រមូលបេះដូងបានអស់ហើយ ចំពោះប្រជាពលរដ្ឋជាតិយើងវិញ ពិតរំភើបចិត្ត គាំទ្រអ្នកខ្លាំងបំផុត ។
សកម្មភាពរបស់ កីឡាការិនីរត់ប្រណាំង «បូ សំណាង» បានឆក់យកបេះដូងមនុស្សរាប់លាននាក់ និងមានការបង្ហោះព្រោងព្រាតពាសពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាំងពីយប់មុិញ រហូតដល់ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កាន់តែមានការបង្ហោះ លើ facebook ភាគច្រើន ជាសារកោតសរសើរ ផ្តល់កម្លាំងចិត្តដល់នាង ។
«កីឡា គឺលើសពីភាពឈ្នះ និងចាញ់» កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូរប្រកួតនោះទេ ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ។ ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពយ៉ាងក្រៃលែងចំពោះ អត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជានូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២ ។ យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជំនះ ឫបរាជ័យ ៕