មានសេចក្ដីរាយការណ៍ថ្មីមួយទៀតហើយ រថយន្ត ម៉ាក RANGE ROVER សេរីទំនើបមួយគ្រឿង បានឆាបឆេះនៅលើផ្លូវល្បឿនលឿន កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ចម្ងាយពីច្រកចេញចូលបញ្ជរប្រាក់ទីក្រុងភ្នំពេញប្រមាណ២គីឡូម៉ែត្រ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច គិតមកទល់ពេលនេះមានរថយន្តទំនើប៤គ្រឿងហើយ ត្រូវបានឆាបឆេះ ករណីទី១ កើតឡើងកាលពីរសៀល ថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០២២ នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ ៥៦ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរថយន្តដែលត្រូវភ្លើងឆេះម៉ាក Range Rover ពណ៌ខ្មៅ ។ ករណីទី២ កើតឡើងកាលពីល្ងាច ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវល្បឿនលឿន ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទិសដៅពីព្រះសីហនុ ទៅភ្នំពេញ ដោយរថយន្តដែលត្រូវភ្លើងឆេះ ម៉ាក MERCEDES BENZ C300 ពណ៍ស ពាក់ស្លាក លេខ កម្ពុជា N.M.9699 ។ ករណីទី៣ កើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥៧-៥៨ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយរថយន្តដែលត្រូវភ្លើងឆេះម៉ាក RANG ROVER ពណ៌ស និងករណីលើកទី៤ កើតឡើងនៅរសៀលថ្ងៃសៅរ៍នេះតែម្ដង ។
បើតាមសមត្ថកិច្ច រថយន្តដែលត្រូវភ្លើងឆាបឆេះ មកពីកត្តាឆ្លងចរន្តអគ្គិសនី ។ ប៉ុន្តែអ្នកជំនាញខ្លះបានលើកឡើងថា អាចបណ្ដាលមកពីរថយន្តខ្លះមានការកែច្នៃពោលខុសលក្ខណៈទ្រង់ទ្រាយដើម ៕