ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ
ថ្ងៃទី ៖ 17-03-2023, ដោយ​​ admin , 115 Views
                     
ភ្នំពេញ : សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍កន្លងមក។ នេះគឺជាការលើកឡើងពីនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី នាព្រឹក ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ។

នាយករដ្ឋមន្រ្តី បានថ្លែងថា ថ្ងៃនេះសម្តេចពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ ដែលបានបាត់ពីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្តេចតេជោបានស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរមកវិញនាពេលនេះ។ «សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ» ។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តី ។

បន្ថែមពីនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវផងដែរដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ។

សម្តេចតេជោបន្តថា កម្ពុជាកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងរហ័សក្នុងតំបន់ និងអន្តរជាតិ ហើយកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ។ ពិធីទទួលវត្ថុបុរាណត្រឡប់មកកម្ពុជាវិញនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូលទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។

សម្តេចតេជោក៏បានអំពាវនាវផងដែរទៅដល់វិស័យឯកជននានា សូមចូលរួមគាំទ្រ ឱ្យកាន់តែច្រើនក្នុងសកម្មភាពកិច្ចការពារវប្បធម៌។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ តាមឃុំគ្រងជាតិ និងប្រជាពលរដ្ឋខ្មែរ បានជួបតែក្តីសុខ សេចក្តីចម្រើន តរៀងទៅ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com