ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សមាគមជប៉ុន-កម្ពុជា(JCA) សន្យាទាក់ទាញអ្នកវិនិយោគជប៉ុន ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា
ថ្ងៃទី ៖ 07-02-2023, ដោយ​​ admin , 100 Views
                     
ភ្នំពេញ : សមាគមជប៉ុន-កម្ពុជា(JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ។ 

ការសន្យាថានឹងជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាង លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

នាឱកាសនៃជំនួបនោះ លោលអ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះលោកTakahashi Fumiaki ដែលជាមិត្តដ៏ល្អមួយរូបរបស់កម្ពុជា និងជាអ្នកការទូតដ៏មានសមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។ បើទោះបីជាលោក Fumiaki បានបញ្ចប់បេសកម្មការទូតនៅកម្ពុជាក្តី តែរូបលោកនៅតែបន្តទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា។

លោករដ្ឋមន្ត្រី លើកឡើងថា រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មួយវិញទៀតលំហូរ ពាណិជ្ជករជប៉ុនបានចូលមកកម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់វិស័យ បានផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជាបានយ៉ាងច្រើន នេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា។

ការមើលឃើញពីវត្តមានរបស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាច្រើន ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃផ្សេងទៀតមកកាន់កម្ពុជាក៏កាន់តែច្រើនបន្ថែមទៀត ផងដែរ។

លោករដ្ឋមន្ត្រី បន្តថា ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រងក្រុមហ៊ុន រោងចក្រ ឱ្យកាន់តែមានភាពងាយស្រួល។ ឯកឧត្តម កត់សម្គាល់ឃើញថា ក្រុមហ៊ុនរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់ ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាពសុខដុមរមនានឹងគ្នា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ចង់ឃើញកម្មសិក្សាការីកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបាន៥ម៉ឺននាក់ ខណៈបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជាបានចេញទៅធ្វើការនៅជប៉ុនបានត្រឹមប្រមាណ២ម៉ឺននាក់ប៉ុណ្ណោះ។

ដោយលោក ស្នើដល់ខាងភាគីជប៉ុនធ្វើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវចំនួន៥ម៉ឺននាក់ នាពេលដ៏ខ្លីខាងមុខនេះ។

ឆ្លើយតបទៅនឹងសំណូមពររបស់លោករដ្ឋមន្ត្រី លោក Fumiaki រួមនឹងសមាជិករបស់សមាគម នឹងប្រឹងប្រែងធ្វើយ៉ាងណាជួយមកកម្ពុជាលើជំនាញដ៏ចំាបាច់ ដែលកំពុងមានតម្រូវការសម្រាប់ទៅធ្វើការនៅជប៉ុន។ ជាមួយនឹងនេះ ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់ចំណូលបានប្រសើរ បើយុវជន យុវតីរបស់កម្ពុជា ចាប់យកអាជីពខាងកែសម្ជស្សនេះបានស្ទាត់ជំនាញ។

ដើម្បីចូលរួមអបអរសាទរ គម្រប់ខួបលើកទី៧០ នៃចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ខាងសមាគមជប៉ុន-កម្ពុជា(JCA) គ្រោងនឹងរៀបចំនូវកម្មវិធីមួយចំនួន ដើម្បីជាការរំលឹកនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរផង ក៏ដូចជាទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់កម្ពុជាឱ្យមានភាពសម្បូរសប្បាយ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានគិតគូយកចិត្តទុកដាក់ដល់កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើការនៅជប៉ុន និងជួយកម្ពុជាលើជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ដែលស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្រ ក៏ដូចជាផែនទីបង្ហាញផ្លូវរបស់កម្ពុជាឆ្នាំ២០៣៥៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com