ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តើបុណ្យមាឃបូជាមានប្រវត្តិបែបណាទាក់ទង សាសនាព្រះពុទ្ធ ?
ថ្ងៃទី ៖ 05-02-2023, ដោយ​​ admin , 107 Views
                     
ភ្នំពេញ : ជារៀងរាល់ឆ្នាំ ពុទ្ធបរិស័ទទាំងអស់តែងតែរៀបចំពិធីបុណ្យដ៍អធិកអធមនៅ១៥កើត ខែមាឃ ដោយសារតែថ្ងៃដ៍មានសារ:សំខាន់នេះគឺជាថ្ងៃ «បុណ្យមាឃបូជា» ហើយថាតើ «បុណ្យមាឃបូជា» មានប្រវត្តិបែបណាទាក់ទង សាសនាព្រះពុទ្ធ ? សូមប្រិយមិត្តតាមដានខ្លឹមសារដូចតទៅ ៖

«បុណ្យមាឃបូជា» ត្រូវរាជរដ្ឋាភិបាលកម្ពុជា ដាក់ក្នុងប្រតិទិន ថាជាទិវាបុណ្យជាតិ ហើយត្រូវប្រកាសអោយសម្រាកពីការងាររយៈពេលមួយថ្ងៃ។ ទិវាសាសនានៃព្រពុទ្ធសាសនានេះ ក៏ត្រូវបានអង្គការសហប្រជាជាតិអនុម័តកាលពី ឆ្នាំ ១៩៩៩ ដោយទទួលស្គាល់ ជាពិធីបុណ្យអន្តរជាតិ មួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយ របស់អង្គការសហប្រជាជាតិ នៅលើពិភពលោក។

យោងតាមឯកសារ មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា។ បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោកនៅប្រទេសឥណ្ឌា កាលពីជិត៦០០ឆ្នាំមុននៃគ្រិស្តសករាជ ពោលចំថៃ្ង ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ពីពុទ្ធសាសនា ។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទ «បាដិមោក្ខ» ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖ ១៖ ព្រះសង្ឃសមណៈទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។ ២៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។ ៣៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦ គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មកទុកជាមុន (សព្វេ អនិមន្តិតា) ។ ៤៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មី ខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។ ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺ កិច្ចប្រជុំប្រកបដោយអង្គ៤។ ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស.៤៥ឆ្នាំ។ ព្រោះអច្ឆរិយហេតុកើតឡើង ដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀតឱកាសនោះ សម្តែងឱវាទបាដិមោក្ខ ដល់ព្រះសង្ឃចំនួន ១,២៥០អង្គនោះដោយទ្រង់ កំណត់គោលនយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា៥ចំណុចគឺ៖ ១/ ឧត្តមគតិបានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ (អភ័យទានផ្នែកនយោបាយ)។ ២/ គោលបំណងបានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា (សាធារណៈប្រយោជន៍)។ ៣/វិធីបដិបត្តិបានដល់ មិនរំលោភសិទ្ធិមនុស្សនិងសត្វ (សិទ្ធិមនុស្ស)។ ៤/គោលការណ៍មាន ៣ចំណុចគឺ៖ * មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិសុខ) * ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម) * ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)។ ង៖ វិធីសាស្ត្រ មាន៦ចំណុចគឺ៖ * មិនបរិហារកេរ្តិ៍បុគ្គលណា(វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ) * មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី) * គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ) * ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច) * អង្គុយឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម) * ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)។ ទាំង៥ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា។ ថ្ងៃមាឃបូជា ចាត់ជាថ្ងៃព្រះធម៌, ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជា ចាត់ជាថ្ងៃព្រះសង្ឃ។

តើប្រារព្ធពិធីមាឃបូជាបានប្រយោជន៍អ្វីខ្លះ? ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖ ១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។ ២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។ ៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ ៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។ ៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។ ថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជន ឲ្យឃើញថាបុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយ នឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើកស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើងការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធ សាសនាមិនមែនជាការងារធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ជាការជួយលើកស្ទួយគុណភាពជីវិតផ្នែកចិត្ត វិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើង តាមគោលការណ៍ចំណុចទី២ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺបណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង។ សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះ ពីថៃ្ងមាឃបូជានេះ អញ្ជើញនាំគ្នាធ្វើបុណ្យទាន រក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួន ក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណ ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើតព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ា‌ជីវិតដល់ ពួកយើងទាំងអស់គ្នា។ មេរៀនពីបុណ្យមាឃបូជា ជាថៃ្ងដែល ព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះ ចែកចេញពីពីរយ៉ាង មួយសម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់និងមួយទៀត សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ។ ១-ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។១.ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមាន គោលបំណង រួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍន័ដែលប្រកបដោយនិរន្តភាព។ ១.ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅ ក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។ ១.ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមានសាសនាខុសគ្នាៗក៏ ដោយ។ ចំណុច៥ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអនុវត្តដូចតទៅ : ១-គោលបំណងៈ គោលបំណងរបស់របស់ព្រះពុទ្ធសាសនាឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា “សន្តិ “ដែលប្រែថា” សេចក្តីស្ងប់ ” ។

យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។

ការកាន់ព្រះពុទ្ធសាសនាគឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោកនេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។ ១-គោលដៅ :សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ ៖ ១-ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។ ១-ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។ ១-ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។ ១-លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖ ១-លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។ ១-លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។ ១-លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។ ១-លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។ ១-លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។ ១-លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។ ១-លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com