ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្នងការខេត្តកំពង់ស្ពឺ៖បទល្មើសឆក់បង្ក្រាបមិនអស់ទេ ព្រោះតែអ្នកប្រើប្រាស់គ្រឿងញៀនច្រើន
ថ្ងៃទី ៖ 01-02-2023, ដោយ​​ admin , 113 Views
                     
កំពង់ស្ពឺ : លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានថ្លែងថា កម្លាំងនគរបាលជំនាញបានធ្វើការបង្ក្រាបករណីឆក់បានជាបន្តបន្ទាប់ ដោយចាប់ជនសង្ស័យបានជាច្រើននាក់បញ្ជូនទៅដាក់នៅពន្ធនាគារ តែករណីនេះហាក់មិនមានការថមថយ ព្រោះតែអ្នកប្រើប្រាស់គ្រឿងញៀននៅតែមានចំនួនច្រើន។ការលើកឡើងនេះគឺក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តក្រោមវត្តមានលោក វ៉ី សណាង អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នាសាលប្រជុំសាលាខេត្ត។

លោកឧត្តមសេនីយ៍ទោ សម សាមួន បានលើកឡើងថា នៅកំឡុងខែមករាឆ្នាំ២០២៣នេះ បទល្មើសព្រហ្មទណ្ឌកើតមានចំនួន១៥ករណី ចាប់ខ្លួនជនសង្ស័យបានជាង២០នាក់បញ្ជូនទៅតុលាការ។ការចាប់នេះភាគច្រើនជាករណីឆក់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

លោកថាមុខសញ្ញាឆក់ដើមឡើយពួកគេរៀបគម្រោងឆក់នៅតាមពិធីមង្គលការនិងបុណ្យផ្សេងៗ ដោយក្នុងនោះក្រុមនេះតែងតែនៅតាមកែងៗនៃផ្លូវក្បែរកន្លែងកម្មវិធី ពេលដែលអ្នកផឹកស៊ីចេញពីកម្មវិធីរៀងស្រវឹងតិចៗផង ពួកគេបានធ្វើសកម្មភាពឆក់ហើយគេខ្លួនបាត់។តែបច្ចុប្បន្នដោយការបង្ក្រាបបានបន្តបន្ទាប់ ក្រុមឆក់បានដូរយុទ្ធសាស្ត្រមិនឆក់អ្នកចេញពីកម្មវិធីទេគឺជិះឆក់គ្រប់ទីកន្លែងឱ្យតែមានឱកាស។

ស្នងការនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺលោក សម សាមួន បានបញ្ជាក់បន្ថែមថាក្រុមឆក់ត្រូវបានបង្ក្រាបបន្តបន្ទាប់ក៏ពិតមែន តែសកម្មភាពនេះហាក់មិនមានការថមថយទេ សកម្មភាពនៃការចេញឆក់ហាក់មានការកើតច្រើនជាងមុន។ករណីនេះដោយសារតែការប្រើប្រាស់និងការសេពគ្រឿងញៀននៅមានកំរឹតច្រើន នៅពេលដែលពួកគេខ្វះលុយសម្រាប់ប្រើប្រាស់គ្រឿងញៀនគឺពួកគេតែងចេញធ្វើសកម្មភាព។

លោកថាករណីនេះសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវនិងបង្ក្រាបជាងករណីឃាតកម្ម ព្រោះថាករណីឃាតកម្ម សមត្ថកិច្ចយើងស្រាវជ្រាវតែបន្តិចទៅរកឃើញហើយ តែក្រុមនេះក្រោយធ្វើសកម្មភាពគឺពួកគេសំងំលាក់ខ្លួនប្រើប្រាស់គ្រឿងញៀនរហូតដល់អស់លុយទើបពួកគេចេញធ្វើសកម្មភាពទៀត។

ជាមួយគ្នានោះដែរពាក់ពន្ធ័និងករណីគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ សម សាមួន ក៏បានលើកឡើងផងដែរថាខេត្តកំពង់ស្ពឺមិនមែនជាខេត្តគោលដៅក្នុងការផលិតគ្រឿងញៀននោះទេ តែខេត្តកំពង់ស្ពឺត្រូវបានគេយកធ្វើជាកន្លែងកែច្នៃគ្រឿងញៀនហើយនាំចេញប៉ុណ្ណោះ។

ហើយថ្មីៗនេះទៀតខេត្តនេះក៏ត្រូវក្រុមឧក្រិដ្ឋជនមានគ្នា៤នាក់បានមកជួលផ្ទះហើយដាំដើមកញ្ឆាតាមបែបទំនើបដោយដាក់ម៉ាស៊ីនត្រជាក់និងម៉ាស៊ីនកម្តៅដើមដើមកញ្ឆា តែបច្ចុប្បន្នក្រុមនេះត្រូវបានបង្ក្រាបរួចហើយដោយក្នុងនោះមាន៣នាក់ជាជនជាតិវៀតណាម។

នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការបានសម្តែងការហួសចិត្តដែលកន្លងមកនៅក្នុងខេត្តកំពង់ស្ពឺគឺមានក្មេងទំនើងប្រុសៗតែងតែបង្កការអុកឡុក បង្កអសន្តិសុខដោយដេញវាយ កាប់និងបាញ់គ្នានៅក្នុងមូលដ្ឋានខេត្ត តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះស្រាប់តែលេចចេញនូវក្រុមក្មេងទំនើងស្រីៗចំនួន២ក្រុមបានធ្វើសកម្មភាពវាយតប់គ្នានៅក្នុងវត្តដែលម្ខាងមានគ្នា៥នាក់និងម្ខាងទៀតមានគ្នា១២នាក់ ធ្វើឱ្យមហាជនសម្តែងនូវការហួសចិត្តផងដែរ។

ទន្ទឹមនឹងមានការលើកឡើងនេះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជម្រុញឱ្យមានការបញ្ជ្រាបការផ្សព្វផ្សាយអំពីករណីគ្រឿងញៀន ករណីឆក់ ក្មេងទំនើង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតាមវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅតាមក្រុងស្រុកនីមួយៗដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែខ្ពស់នៃផលប៉ះពាល់និងការបង្ការផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ពិសេសមាតាបិតា អាណាព្យាបាល អាចយកវិធានការនានាដែលវេទិការបានផ្សព្វផ្សាយ យកទៅអប់រំបន្តដល់កូនចៅខ្លួនដែលខ្វះការយល់ដឹងលើបញ្ហានេះ។

ជាមួយនោះសមត្ថកិច្ចទាំងអាវុធហត្ថនិងនគរបាលត្រូវបង្កើនការល្បាត យាមកាមជាប្រចាំនៅតាមគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់ទាន់ពេលវេលានៅពេលដែលកើតមានបទល្មើសហើយមួយទៀតក៏អាចបង្ការការប៉ុនប៉ងបង្កើតបទល្មើសផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com