ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
៤ថ្ងៃ ចូលឆ្នាំចិនឆ្នាំនេះ ភ្ញៀវចេញដើរកម្សាន្តទូទាំងប្រទេសជាង១លាននាក់
ថ្ងៃទី ៖ 25-01-2023, ដោយ​​ admin , 97 Views
                     
ភ្នំពេញ : ភ្ញៀវទេសចរបានចេញដើរកម្សាន្តទូទាំងប្រទេស ជាង១លាននាក់ ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ២០២៣ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរ ១,០៤៩,២២២នាក់ គឺមានភ្ញៀវជាតិ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស៤២,០៥៦នាក់។ ហើយក្នុងចំណោមរាជធានី ខេត្តទាំងអស់ ខេត្តព្រះសីហនុ គឺជាគោលដៅចំបងដែលនាំមុខគេ គឺភ្ញៀវទៅលេងកម្សាន្ត ២៩៦,០២៨នាក់ បន្ទាប់មកគឺ ខេត្តសៀមរាប ១០៥,៤៨១នាក់ ខេត្តបាត់ដំបង ១០២,៧៧៨នាក់ ខេត្តកំពត ៨២,១៩៩នាក់ ខេត្តប៉ៃលិន ៨១,៥០០នាក់ ខេត្តកំពង់ចាម ៦៧,៩១៤នាក់ និងខេត្តកែប ៦៧,០៣០នាក់។

បើតាមរបាយការណ៍ ដោយសារចូលឆ្នាំចិនឆ្នាំនេះប៉ះចំចុងសប្តាហ៍ ដូច្នេះយើងសង្កេតឃើញថាចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រដើម្បីរៀបចំសែនតាមប្រពៃណីចិន។

ប្រជាជនមួយចំនួនបានត្រឡប់ចូលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ហើយខ្លះទៀតបានត្រលប់ចូលវិញនាល្ងាចម្សិលម៉ិញ ខណៈដែលអាជីវករនៅតាមផ្សារ និងលក់ដូរនៅតាមផ្ទះបានបិទតូប និងហាងជាបណ្តោះអាសន្នក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីជួបជុំគ្រួសារ និងដើរកម្សាន្ត ស្របពេលអង្គភាព និងស្ថាប័នមួយចំនួនបានអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាក ដោយដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំជាដើម។

គោលដៅទេសចរណ៍ទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋភាគច្រើនដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅ។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុភ្ញៀវទេសចរភាគច្រើនទៅព្រឹកមកវិញល្ងាចជាមួយការធ្វើដំណើរតាមផ្លូវល្បឿនលឿន។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនបានយកតាមខ្លួននូវម្ហូបអាហារដែលបានសែនរួច ទៅបរិភោគដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ។

ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com