នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
កងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន ចាប់ដៃគ្នារឹតចំណងមិត្តឱ្យតឹងណែនបន្ថែមទៀត
ថ្ងៃទី ៖ 19-01-2023, ដោយ​​ admin , 39 Views
               
ភ្នំពេញ : លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយលោក ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងគោលបំណង ចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធ VTC លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន និងការភ្ជាប់ចំណងការទូតជាផ្លូវការនៅក្នុងឆ្នាំ១៩៥៧ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិផងដែរ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧។

ផ្តើមចេញពីមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការល្អថ្នាក់ក្រសួងការពារជាតិនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ជាដើម។

ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន” ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត។

ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានាតទៅអនាគត ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia