ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចំណាយលុយ ជាង១០០លានដុល្លារ ដើម្បីពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ដោយប្រើពេល៤០ខែ
ថ្ងៃទី ៖ 09-01-2023, ដោយ​​ admin , 104 Views
                     
កំពង់ចាម : ថវិការជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ បានចំណាយដើម្បីពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ដោយប្រើពេល៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ខាងមុខ ។

តាមរបាយការណ៍ពីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាមក៏ដូចជាអបអរសាទរចំពោះកម្ពុជាដែលទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់។

លោក បានមានប្រសាសន៍ថា ចិននៅតែបន្តជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀតទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងវិស័យផ្សេងៗជាច្រើនទៀតទៅតាមលទ្ធភាពដែលអាចជួយទៅបាន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ហើយតាមរយៈសមិទ្ធផលកំណាត់ផ្លូវជាតិលេខ ៧នៅថ្ងៃនេះ នឹងរួមចំណែកធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរងាយស្រួល ព្រោះផ្លូវនេះត្រូវបានពង្រីកអោយធំទូលាយជាមុន។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញរួមគ្នាជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានាថ្ងៃនេះ និងដឹកជញ្ជូន​ក្នុងការបើកការដ្ឋានពង្រីក និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាមនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ សម្តេច និងឯកអគ្គរដ្ឋទូតចិន បានអញ្ជើញរួមគ្នាបើកការដ្ឋានសាងសង់ផ្លូវ និងស្ពាន ចំនួន៤គម្រោង ដែល គម្រោងទាំង៤នោះរួមមាន ការដ្ឋានសាងសង់ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣១ និង៣៣, ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាមនាថ្ងៃនេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៧នេះ គឺជាការតភ្ជាប់ដ៏មានសារៈសំខាន់ មិនត្រឹមតែក្នុងខេត្តកំពង់ចាមទេ តែមានការតភ្ជាប់ទៅកាន់ខេត្តជាច្រើនផ្សេងទៀតផងដែរ។

មុននឹងបញ្ចប់ សម្ដេចតេជោក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូប បើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីពេលនេះតទៅ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com