ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អណ្តើកហ្លួង ជាប្រភេទអណ្តើក ការពារដោយព្រះរាជក្រឹត្យ ត្រូវបានចាត់ទុកជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស
ថ្ងៃទី ៖ 04-12-2022, ដោយ​​ admin , 125 Views
                     
ភ្នំពេញ : បច្ចុប្បន្ននេះ កម្ពុជា មានមជ្ឈមណ្ឌលអភិរក្សសត្វល្មូននៅខេត្តកោះកុង ដែលជាកន្លែងអភិរក្ស និងបង្កាត់ពូជអណ្តើកហ្លួងដើម្បីលែងទៅក្នុងជម្រកធម្មជាតិវិញ។ តាមការសិក្សាអណ្តើកហ្លួងនេះមានវត្តមានតែនៅតំបន់ព្រែកស្រែអំបិលនិងព្រែកកំពង់លើស្ថិតក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក នេត ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ។

បើតាម លោក នេត ភក្រ្តា អណ្តើកហ្លួងឬអណ្តើកសសៃ ក្នុងអំឡុងទសវត្សរ៍៨០ និង៩០ គេជឿថា នៅក្នុងប្រទេសកម្ពុជា អណ្តើកហ្លួងបានផុតពូជទៅហើយ។ ប៉ុន្តែក្នុងឆ្នាំ២០០០ ក្រុមអ្នកជំនាញមកពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសហការជាមួយរដ្ឋបាលជលផលកម្ពុជា បានរកឃើញវត្តមានសត្វអណ្តើកហ្លួងនេះឡើងវិញនៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង។

អណ្តើកហ្លួងជាប្រភេទអណ្តើកទឹកសាបនិងក្នុងចំណោមអណ្តើកគោក ២៥ ប្រភេទដែលជិតផុតពូជនៅលើពិភពលោក ហើយត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកថាជាប្រភេទសត្វល្មូនតំណាងឱ្យប្រទេសកម្ពុជា និងត្រូវបានកំណត់ដោយព្រះរាជក្រឹត្យនៅឆ្នាំ ២០០៥។

ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានបង្កាត់ និងភ្ញាស់កូនអណ្តើកហ្លួង បានចំនួនជាង ៤៥០ក្បាល ដែលបច្ចុប្បន្ន ស្ថិតក្នុងការចិញ្ចឹម និងថែបំប៉នរបស់មជ្ឈមណ្ឌល ខណៈអណ្តើកហ្លួងវ័យជំទង់ចំនួន១៤៧ក្បាល ដែលមានសុខភាពល្អ ត្រូវបានលែងឱ្យទៅរស់នៅតាមបែបធម្មជាតិវិញហើយពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២១។

អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ គឺជាប្រភេទអណ្តើកទឹកសាបដែលមានមាឌធំ។ អណ្តើកហ្លួងញី មានទំហំស្នូករហូតដល់ ៦២.៥សង់ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬខ្មៅទាំងអស់។ វាអាចបន្តពូជបាននៅអាយុចន្លោះពី១៤ឆ្នាំ ដល់២៥ឆ្នាំ ខណៈអណ្តើកហ្លួងឈ្មោល អាចមានទំហំស្នូក ៤៩សង្ទីម៉ែត្រ មានភ្នែកពណ៌លឿងថ្លា ច្រមុះបះឡើង។

អណ្តើកហ្លួង មានម្រាមជើងមុខធំ ជាប់ស្បែកដូចជើងទា មានក្រញ៉ាំជើង៤ ខុសប្លែកពីអណ្តើកផ្សេងទៀត ដែលមានក្រញ៉ាំប្រាំ។ វាអាចរស់នៅក្នុងទឹកភ្លាវ (ទឹកសាបលាយទឹកសមុទ្រ) តាមពាម តាមព្រែក ដែលហូរចាក់ទៅក្នុងសមុទ្រ មានដើមកោងកាង ដើមចាក និងរុក្ខជាតិផ្សេងៗ ដុះតាមមាត់ច្រាំង។ អណ្តើកហ្លួង វាអាចរស់បានរហូតដល់អាយុជាង១០០ឆ្នាំឡើងទៅ។ អណ្តើកហ្លួង ជាប្រភេទសត្វកម្រដែលជិតផុតពូជ ដូចពពួកខ្លាឃ្មុំខ្មៅអាស៊ី ដំរីអាស៊ី និងប្រភេទខ្លាដំបងឥណ្ឌូចិនជាដើម។

យោងតាមឧបសម្ព័ន្ធទី៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិ ជានិមិត្តរូបនៃព្រះរាជាចក្រកម្ពុជា បានដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជា។ មូលហេតុដែលនាំឱ្យទៅដល់ការដាក់ឈ្មោះអណ្តើកប្រភេទនេះថា «អណ្តើកហ្លួង» នោះ គឺដោយមានប្រវត្តិពីបុរាណដំណាលថា នៅក្នុងប្រទេសកម្ពុជា កាលពីបុរាណ អណ្តើកហ្លួង មានប្រវត្តិជាប្រភេទអណ្តើកដែលត្រូវបានការពារដោយព្រះរាជក្រិត្យ ដោយបានចាត់ទុកជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស។

កាលពីដើមឡើយ តាមរយៈនៃការចាប់ និងប្រមូលពងដោយប្រជាពលរដ្ឋ ដើម្បីយកទៅថ្វាយព្រះមហាក្សត្រ និងគ្រួសារព្រះរាជវង្ស និងដោយឃើញរូបរាងស្អាត និងការស្រឡាញ់ ព្រះមហាក្សត្រក៏បានដាក់ព្រះរាជបញ្ជាឱ្យមានការយាមកាម និងការពារចំពោះអណ្តើក រហូតដល់ប្រជារាស្រ្តហៅអណ្តើកប្រភេទនេះថា «អណ្តើកហ្លួងៗ» តរហូតមកដល់សត្វថ្ងៃនេះ។ ក្រោយមក ប្រជាជនខ្មែរដែលបានជួបប្រទះ ឬចាប់បានអណ្តើកហ្លួង ភាគច្រើន តែងតែយកមកលាងសម្អាត លាបប្រេងម្សៅ និងនិមន្តព្រះសង្ឃសូត្រធម៌ បួងសួងសុំសេចក្តីសុខ រួចលែងវាចូលទៅទីជម្រកដើមក្នុងធម្មជាតិវិញ។

អណ្តើកហ្លួង ជាប្រភេទសត្វស៊ីរុក្ខជាតិ និងផ្លែឈើជាអាហារ មានដូចជា ផ្លែអំពូ (រុក្ខជាតិមានដុះច្រើនតាមមាត់ព្រែក ក្នុងព្រែកស្រែអំបិល ខេត្តកោះកុង) ត្រកួន ផ្លែឈើ សណ្តែកបណ្តុះ ផ្លែល្វា ផ្លែជម្ពូ រុក្ខជាតិក្នុងទឹកនានា ដូចជាកំប្លោក និងចកជាដើម ព្រមទាំងផ្លែឈើដែលមានផ្លែតាមរដូវកាល ដែលអាចរកបានផ្សេងៗ ទៀតផងដែរ។ ហើយម្តងម្កាលពួកវាក៏ស៊ីចំណីជាសាច់ដូចជាបង្កង បង្គារ ជាដើមផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com