ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បានបញ្ជូនខ្លួនបុរស​ម្នាក់​ទៅតុលាការ ក្រោយដង្ហើយរកយុត្តិធម៌
ថ្ងៃទី ៖ 03-12-2022, ដោយ​​ admin , 407 Views
                     
បន្ទាយមានជ័យ​ : បុរសម្នាក់ដែលបាននិងកំពុងដង្ហើយរកយុត្តិធម៌ពីថ្នាក់ដឹកនាំកំពូលៗដែលអះអាងថាខ្លួនរងភាពអយុត្តិធម៌រឿងបញ្ចាំប្លង់ដីហើយត្រូវម្ចាស់បំណុលប្តឹងពីបទឆបោកនិងក្លែងឯកសារ ពេលនេះកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបានចាប់ខ្លួនបញ្ជូនទៅតុលាការហើយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីរងបណ្តឹងថា បានឆបោកប្រព្រឹត្តកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កន្លងទៅនៅចំណុច​ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ដួង វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះឃាត់ខ្លួនឈ្មោះ​ ទុយ ម៉េងលី ភេទប្រុស អាយុ៣៨ឆ្នាំ ពាក់ព័ន្ធករណីឆបោកហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។​

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើរបាយការណ៍សុំបើកការស៊ើបអង្កេតបឋម ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើរបាយការណ៍សុំបើកការស៊ើបអង្កេតបឋមទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌក៏បានទទួលដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមលេខ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។​

ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែតបានកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលខ្លួនមកបំភ្លឺនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសាម៉ីខ្លួនបានផ្តិតមេដៃទទួលដីកា តែមិនចូលខ្លួនមកបំភ្លឺនោះទេ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឈ្មោះ ទុយ ម៉េងលី បានមកដាក់ពាក្យសុំពន្យាពេល សាកសួរនៅមូលដា្ឋនកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។​ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែតបានកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលមកបំភ្លឺជាលើកទី២ ដោយប្រពន្ធរបស់ឈ្មោះ ទុយ ម៉េងលី ជាអ្នកផ្តិតមេដៃទទួលជំនួស ប៉ុន្តែឈ្មោះ​ ទុយ ម៉េងលី ពុំបានចូលមកបំភ្លឺតាមការកោះហៅនោះដែរ។ ក្រោយមានគេចវេសជាបន្តបន្ទាប់ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យព្រហ្មទណ្ឌ ទទួលបានដីកាបញ្ជាឱ្យនាំខ្លួនរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក៏ឈានដល់ការឃាត់ខ្លួនឈ្មោះ ទុយ ម៉េងលី នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភោជនីយដ្ឋានមាតុភូមិ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតែម្តង។

ក្រោយការឃាត់ខ្លួន​ និងសួចម្លេីយជនសង្ស័យ​សារភាព​ថា​ រូបខ្លួនពិតជាបានលក់ដី និងផ្ទះផ្តាច់ ទៅឱ្យឈ្មោះ​ ដួង វណ្ណា ពិតប្រាកដមែន ហើយបន្ទាប់មកទៀតរូបខ្លួនក៏បានយកដីនិងផ្ទះដដែលនេះលក់ទៅឱ្យឈ្មោះស៊ុំ វីរៈ បន្តទៀត។

​ លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ បច្ចុប្បន្នជនសង្ស័យឈ្មោះ ទុយ ម៉េងលី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៣​ ខែធ្នូ​​​ ឆ្នាំ​២០២២នេះ ហើយតុលាការក៏សម្រេចឃុំខ្លួនហើយដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com