ក្នុងជំនួបសន្ទនា កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ រវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្ដេជ្ញា សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដូចជា ៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន។ល។ ដែលមានការរីកចម្រើនកើនឡើងគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ លើលពីនេះ ភាគីទំាងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ជាពិសេសក្នុងស្រទាប់យុវ័យ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្តគ្នា បន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន ឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”៕