លោក ជា សុផារ៉ា បានសំណូមពរដល់ពលរដ្ឋនៅឃុំព្រះដាក់ ឱ្យជួយទប់ស្កាត់ការសង់សំណង់ និងអ្នកចំណូលថ្មីនៅឃុំនេះ ដើម្បីបញ្ចៀសការប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។
ការអះអាងនេះ បានធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ ជាមួយប្រជាពលរដ្ឋនៅឃុំព្រះដាក់ នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ក្រោយពលរដ្ឋប្រមូលផ្ដុំនិងសុំកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៦ តុលា ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «យើងមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូអំពីហេ ដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះមានបារាយខាងកើត ដែលអាចមានទឹករហូតដល់៣០លានម៉ែត្រគីប»។
សម្តេចតេជោ បានសំណូមពរឱ្យ ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់ ដោយការស្តារបារាយនឹងមិនប៉ះពាល់គ្រប់គ្នាទេ ខណៈរាជរដ្ឋាភិបាល នឹងគិតគូរឱ្យបានម៉ត់ចត់បំផុត។ សម្តេចបានបន្ថែមថា ឃុំព្រះដាក់ត្រូវបានកសាងឡើងប្រមាណ៣០០-៤០០ឆ្នាំមុនមកហើយ ហើយឃុំនេះស្ថិតនៅជាឃុំមួយដែលទាក់ទងទៅនឹងផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង ប៉ុន្តែហេតុដូចម្តេចបានជាប្រជាជនចាប់ផ្តើមព្រួយបារម្ភចំពោះរឿងនេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ធភាពដាក់ទឹកទៅក្នុងបារាយដើម្បីទ្រទ្រង់អង្គរ។ សម្តេចបញ្ជាក់ថា យើងមិនដាក់ទឹកដល់៣០លានម៉ែត្រគូប ដើម្បីទាញប្រជាជនចេញនោះទេ។
សម្រាប់ដីនៅរុនតាឯក វិញនៅសល់ប្រមាណ២០០ឡូតិ៍ សម្តេចបានបញ្ជាឱ្យចាប់ផ្តើមរៀបចំដីនៅតំបន់ពាក់ស្នែង។ សម្តេចក៏បានបញ្ជាឱ្យរៀបចំវត្តនៅតំបន់នេះផងដែរ ៕