ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ហ៊ុន ម៉ាណែត ៖ រយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយ នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)
ថ្ងៃទី ៖ 01-10-2022, ដោយ​​ admin , 177 Views
                     
ស្វាយរៀង: លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប្រមាណជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តានាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងសកលលោក ជាមួយនឹងអត្រាកំណើនជាមធ្យមប្រមាណជាង ៧% ក្នុងមួយឆ្នាំ។ អត្រាកំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ និងបានជួយឱ្យប្រជាជនកម្ពុជាបានងើបចេញពីភាពក្រីក្រ ដោយអត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពីប្រមាណ ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៧,៨ % ប៉ុណ្ណោះក្នុងឆ្នាំ២០២០។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេសការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងសម្រេចបាននូវសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស។

ក្នុងពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅទីក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូបនៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែង ក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដោយក្នុងនេះមានរោងចក្រសរុបចំនួន ១៧៨ និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៩ ម៉ឺននាក់ ដែលពិតជាខុសស្រឡះពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខ រាជរដ្ឋាភិបាល បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស ដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖ ការអនុម័តច្បាប់វិនិយោគថ្មីសំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវការជាចាំបាច់នូវការចូលរួមរបស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំងបងប្អូនកម្មករ-និយោជិត ដែលសុទ្ធសឹងជាដៃគូដ៏សំខាន់បម្រើឱ្យគោលដៅនេះ។

ក្រៅពីនោះ លោកបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុតពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។ ទង្វើនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុន ពិតជាមានការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មួយវិញទៀត ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com