⏩ លោកអ្នក អាចអាននិងទស្សនា ព័ត៌មានថ្មីៗ ច្បាស់និងស៊ីជម្រៅ ពីសារព័ត៌មាន Cam Post តាមរយៈ ៖ គេហទំព័រ : ( www.campost.asia ) តេលេក្រាម : ( t.me/campost_asia ) Facebook Cam Post : ( www.Facebook.com/campostnews ) Cam Post Tv : ( www.Facebook.com/campostvdos )
 
នាយករដ្ឋមន្រ្តីកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)
ថ្ងៃទី ៖ 23-09-2022, ដោយ​​ admin , 62 Views
               
អាមេរិក : សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ នៅមន្ទីរស្នាក់ការរបស់អង្គការសហប្រជាជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ។

ជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបលោកសារជាថ្មីម្ដងទៀត ក្រោយបែកគ្នាមួយរយៈ។

សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងមកលោក ធ្លាប់បានធ្វើការនៅក្របខណ្ឌមេគង្គ ហើយឯកឧត្តមពិតជាបានស្គាល់កម្ពុជាច្បាស់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះអង្គការ UNDP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រទេសកម្ពុជា ជាពិសេសគោលនយោបាយរបស់សម្ដេច ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

លោក Achim Steiner បានមានប្រសាសន៍ថា លោក ពិតជារីករាយដែលបានជួបសម្ដេចតេជោនាពេលនេះ ជាពិសេសនៅទីស្នាក់ការអង្គការសហប្រជាជាតិ។

លោក បានតាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយជាពិសេសក៏បានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាកន្លងមក ហើយនៅក្នុងឆ្នាំខាងមុខនេះ អង្គការ UNDP និងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍។

លោក បានបន្តទៀតថា លោកពិតជាមានមោទនភាពចំពោះអ្វីដែលយើងមានជាភាពដៃគូវាងអង្គការ UNDP ជាមួយនឹងប្រទេសកម្ពុជា។ លោក ក៏រីករាយនៅពេលដែលឃើញកម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក បន្តថា អ្វីដែលសំខាន់នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងការងារបម្រែបម្រួលអាកាសធាតុ ដែលមានការលើកឡើងពីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។ យើងនឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះ ។

សម្ដេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោក ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។

សម្ដេចតេជោក៏បាន មានប្រសាសន៍០៣ចំណុចសំខាន់ៗ ៖ ១) កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP ២) សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP ៣) សម្ដេចតេជោបានគូសបញ្ជាក់ពីរបញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញ នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ។

ជាការឆ្លើយតបលោក Achim Steiner បានមានប្រសាសន៍ថា លោកពិតជាឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្ដេចតេជោ អំពីអ្វីដែលកម្ពុជាទទួលបានជោគជ័យលើការអភិវឌ្ឍន៍កន្លងទៅនេះ។ លោក ក៏បានគួរបញ្ជាក់ថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។

លើសពីនេះទៅទៀត លោកក៏បានមានប្រសាសន៍បញ្ជាក់ថា លោកពិតជាមានមោទនភាពចំពោះអ្វីដែលកម្ពុជាបានទទួលជោគជ័យមកដល់ពេលនេះ ហើយយើងនឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត។ ហើយទាក់ទងទៅនឹងការដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយនឹងកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។

លោក បានគូសបញ្ជាក់ថា យើងនឹងធ្វើឲ្យកម្ពុជា ទទួលបាននូវភាពជោគជ័យជាពិសេស លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ លោក បានមានប្រសាសន៍ថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។

លោកបានបញ្ជាក់ទៀតថា គោលនយោបាយបៃតងនេះ អ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េច ឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។

នៅឱកាសនោះផងដែរ លោក ក៏បានរំលេចផងដែរថា អង្គការ UNDP មានបទពិសោធន៍ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ដូច្នេះ គោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺយើងត្រូវជំរុញការងារនេះរួមគ្នា។

ចុងក្រោយ សម្ដេចតេជោ សង្ឃឹមថានៅពេលវេលាសមស្របណាមួយ ឯកឧត្តមនឹងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងបានឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia