⏩ លោកអ្នក អាចអាននិងទស្សនា ព័ត៌មានថ្មីៗ ច្បាស់និងស៊ីជម្រៅ ពីសារព័ត៌មាន Cam Post តាមរយៈ ៖ គេហទំព័រ : ( www.campost.asia ) តេលេក្រាម : ( t.me/campost_asia ) Facebook Cam Post : ( www.Facebook.com/campostnews ) Cam Post Tv : ( www.Facebook.com/campostvdos )
 
លោក សាន សុខសីហា ៖ មានជនស៊ីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ
ថ្ងៃទី ៖ 21-09-2022, ដោយ​​ admin , 108 Views
               
ភ្នំពេញ : នៅប៉ុន្មានថ្ងៃមុននេះ មានការរិះគន់មន្រ្តីប៉ូលិសចរាចរណ៍ក្នុងរាជធានីភ្នំពេញ ប្រចាំគោលដៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិចថា បើអត់លុយបង់ផាកពិន័យអាចដាក់ទូរសព្ទបញ្ចាំបាន ពីព្រោះនៅក្បែរគោលដៅមានកន្លែងបញ្ចាំស្រាប់ ប៉ុន្តែពេលនេះត្រូវបានអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺ ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់ថា ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបេីកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនសុីវិលដែលដឹកគាត់ទៅបញ្ចាំទូរសព្ទ ហេីយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡេីយ ជាជនសុីវិលឆ្លៀតឱកាស ។

លោក សាន សុខសីហា បានបញ្ជាក់ប្រាប់ Cam Post ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវករណីនេះភ្លាម ដេីម្បីស្វែងរកការពិតចំពោះការចុះផ្សាយនេះ ដោយបានកោះហៅមន្ត្រីទាំងអស់នៅគោលដៅ មកជួបផ្ទាល់ជាមួយបុរសម្នាក់នេះ ក្រោយពិនិត្យច្បាស់មក ក្នុងចំណោមមន្ត្រីទាំងអស់នោះ មិនមាននរណាម្នាក់ មានភិនភាគដូចជនសុីវិល ដែលដឹកគាត់យកទៅបញ្ចាំទូរសព្ទ និងយកលុយពីគាត់នោះទេ សមត្ថកិច្ចកំពុងចុះស្រាវជ្រាវមេីលកាមេរា ដេីម្បីស្រាវជ្រាវរកជនសុីវិលឆ្លៀតឱកាសនោះ បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកេីតឡេីងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់ បានបើកបរទិសដៅពីវត្តភ្នំ គោលដៅឆ្លងស្ពានជ្រោយចង្វារ លុះមកដល់គោលដៅរង្វង់មូលកួចកាណុង ក៏ស្រាប់តែមានមន្រ្តីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យ ករណីមិនកិបគន្លឹះមួកសុវត្ថិភាព ។

ពេលនោះមន្ត្រីអនុវត្តច្បាប់ បានបញ្ជាក់ថា តាមច្បាប់លេីករណីល្មេីសនេះត្រូវផាកពិន័យ ៦០,០០០រៀល ពេលនោះគាត់ក៏បាននិយាយថា គាត់គ្មានប្រាក់ដើម្បីបង់ពិន័យនោះទេ រួចមកគាត់ក៏ទូរសព្ទទៅនិយាយជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរសព្ទជូនមន្រ្តីដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោលបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍ កុំផាកពិន័យ ត្រឹមតែអប់រំទៅបានហើយ។

ភ្លាមនោះមន្រ្តីរបស់យើងក៏ហុចទូរសព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ទៅដោយមិនបានផាកពិន័យ ឆ្លៀតពេលនោះមានជនឱកាសនិយម ស្លៀកពាក់សុីវិលឆ្លៀតឱកាស ហៅបុរសនោះចេញមកក្រៅ ដោយប្រាប់ថាបេីអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដេីម្បីបង់ថ្លៃល្មេីសចរាចរណ៍ ដោយមិនចាប់អារម្មណ៍ ហេីយប្រញាប់ផង ក៏ជឿមិនបានគិត ហេីយក៏បានផ្តល់លុយនោះទៅឲ្យជនសុីវិលដែលបន្លំខ្លួនជាសមត្ថកិច្ចអនុវត្តច្បាប់ ។

យោងតាមកំណត់ហេតុស្តាប់ចម្លើយរបស់អ្នកបើកបរម៉ូតូកង់បី បានបញ្ជាក់ថា ៖ ក្រោយពេលបានទទួលទូរសព្ទពីមន្រ្តីនគរបាលវិញ គាត់ក៏បានទាញទូរសព្ទនោះយកមកថតសកម្មភាពរបស់សមត្ថកិច្ចនៅគោលដៅនោះ ផ្ញើទៅមិត្តភក្តិរបស់គាត់តាម Telegram ដោយឃើញសកម្មភាពបែបនេះ មន្រ្តីនគរបាលរបស់យើងក៏បានទាញយកទូរសព្ទ ដើម្បីលុបរូបភាពទាំងនោះចេញ ហើយក៏បានទុកទូរសព្ទនៅលើតុជូនគាត់វិញ ខណៈនោះស្រាប់តែមានជនស៊ីវិលមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរមកយកទូរសព្ទនោះ និងបាននិយាយប្រាប់គាត់ឲ្យយកទូរសព្ទទៅបញ្ចាំ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ ហើយគាត់ក៏ឡើងជិះម៉ូតូជាមួយជននោះ ទៅហាងបញ្ចាំតែម្តង ។ បន្ទាប់ពីបញ្ចាំទូរសព្ទរួច អ្នកបើកបរម៉ូតូកង់បី ក៏បានហុចលុយចំនួន ៥០,០០០រៀល ទៅឲ្យជននោះនៅមុខហាងបញ្ចាំ រួចក៏ឲ្យជននោះជូនគាត់ត្រឡប់មកវិញ ដើម្បីយកម៉ូតូកង់បីរបស់គាត់ ដោយគាត់នឹកស្មានថា ជននោះជាមន្រ្តីនគរបាលចរាចរណ៍ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវ និងបានអញ្ជើញប្រធានគោលដៅ មន្រ្តីទាំងអស់នៅគោលដៅកួចកាណុង និងអ្នកបើកបរមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធចុះទៅសួរនាំ និងឆែកកាមេរា សុវត្ថិភាពនៅហាងបញ្ចាំយីហោ ៥៨៥ ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា ៖ នៅវេលាម៉ោងប្រហែលជិត ១១:០០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានជនស៊ីវិល ចំនួន ០២នាក់ បានជិះម៉ូតូម៉ាក PCX មិនចាំផ្លាកលេខ យកទូរសព្ទមកដាក់បញ្ចាំនៅហាងរបស់គាត់ពិតប្រាកដមែន ប៉ុន្តែគាត់បានបដិសេធថា ជនទាំង ០២នាក់ខាងលើ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ ។
សេចក្តីសន្និដ្ឋាន : ដោយផ្អែកលើរបាយការណ៍របស់ប្រធានគោលដៅកួចកាណុង ចម្លើយបំភ្លឺរបស់អ្នកបើកបរម៉ូតូកង់បី (ដែលគាត់បានយល់ច្រឡំថា ជនស៊ីវិលដែលជូនគាត់ទៅដាក់បញ្ចាំទូរសព្ទនោះ គឺជាមន្រ្តីនគរបាលចរាចរណ៍) និងចម្លើយបដិសេធរបស់ម្ចាស់ហាងបញ្ចាំខាងលើ (ជនស៊ីវិលទាំងពីរ ដែល មកបញ្ចាំទូរសព្ទនៅកន្លែងរបស់គាត់ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ) ដូចនេះ ករណីដែលបានចោទប្រកាន់ថា “មន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅកួចកាណុង ដឹកអ្នកបើកបរល្មើសទៅបញ្ចាំទូរសព្ទយកលុយ ដើម្បីបង់ថ្លៃផាកពិន័យ” គឺមិនពិតដូចការចោទប្រកាន់នោះទេ ។

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាល ចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់ ។

ជាមួយនោះដែរ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ទោះជាកំពុងរវល់ ឬហត់នឿយក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងណាក៏ដោយ ។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តការងារប្រកបដោយសីលធម៌ និងណែនាំអប់រំបន្ថែមអំពីច្បាប់ចរាចរណ៍ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia