⏩ លោកអ្នក អាចអាននិងទស្សនា ព័ត៌មានថ្មីៗ ច្បាស់និងស៊ីជម្រៅ ពីសារព័ត៌មាន Cam Post តាមរយៈ ៖ គេហទំព័រ : ( www.campost.asia ) តេលេក្រាម : ( t.me/campost_asia ) Facebook Cam Post : ( www.Facebook.com/campostnews ) Cam Post Tv : ( www.Facebook.com/campostvdos )
 
ខ្សឹប ៖ ឈ្មួញអាចរស់បានដល់ពេលណា បើមួយថ្ងៃៗ ត្រូវបង់លុយឱ្យគយចល័តតំបន់៥ ដែលមានលោក ឈួន សោភា ជាមេធំ និងលោក ញិប ផល្លិក ជាសេនាដៃស្ដាំ
ថ្ងៃទី ៖ 08-09-2022, ដោយ​​ admin , 353 Views
               
ឧត្ដរមានជ័យ : បើនិយាយពីគយ មិនថាគយចល័ត គយសាខាតាមរាជធានី ខេត្ត ឬគយតាមច្រកនោះទេ សុទ្ធសឹងជាគយតែមួយក្រោមឱវាទ លោក គុណ ញឹម មេគយនៅកម្ពុជា ។

បើទោះបីត្រូវចំណាយលុយមិនថាតិចឬច្រើននោះទេ ឈ្មួញមួយចំនួនធំមិនសូវជាពេញចិត្តគយទាំងនោះឡើយ ដោយសារតែពួកគេ ពូកែគោះ ខោក អង្អែល ឬលុញ បើមិនដូច្នោះទេ កុំសង្ឃឹមសុខ និយាយឱ្យចំ កុំសង្ឃឹមរកស៊ីបានស្រួលក្នុងការទំនិញចេញចូល ។

មានឈ្មួញមួយចំនួនបានលួចខ្សឹបប្រាប់ថា បើមួយថ្ងៃៗ ត្រូវបង់លុយឱ្យគយចល័តតំបន់៥ ប្រចាំប៉ុស្តិ៍ជជុះ នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលមានលោក ឈួន សោភា ជាមេគយចល័តនៅតំបន់នោះ និងជាប្រធានការិយាល័យស្រាវជ្រាវ បង្ក្រាបអំពើរត់ពន្ធតំបន់៥ និង លោក ញិប ផល្លិក ជាសេនាដៃស្ដាំ ចាំផ្សាភ្ជាប់ជាមួយឈ្មួញផ្ទាល់ ។

តាមសេចក្ដីរាយការណ៍លួចខ្សឹបប្រាប់ទៀតថា រាល់ការដឹកទំនិញឆ្លងកាត់ ឈ្មួញត្រូវចំណាយលុយពី ១០០ ទៅ ១៥០ដុល្លារ ទើបអាចដឹកជញ្ជូនទំនិញចេញពីច្រកទ្វារអន្តរជាតិជាំទៅដល់គោលដៅបាន ។

ឈ្មួញបានខ្សឹបទៀតថា សម្រាប់ទំនិញ១រថយន្តសាំយ៉ុង ឬរថយន្តនីសាន់ រាល់ការដឹកជញ្ជូនចេញពីច្រកទ្វារអន្តរជាតិជាំ ឆ្ពោះមកខេត្តសៀមរាប ឬរាជធានីភ្នំពេញ ត្រូវចំណាយលុយលើនិងក្រោមតុ យ៉ាងតិចពី ១០០ ទៅ ១៥០ដុល្លារឯណោះ។

តាមសេចក្ដីរាយការណ៍ មន្ត្រីគយចល័តតំបន់៥ ប្រចាំប៉ុស្តិ៍ជជុះនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្រោមការគ្រប់គ្រងរបស់លោក ញិប ផល្លិក តែងតែគាបយកលុយពីក្រុមឈ្មួញ និងអាជីវករតាមអំពើចិត្ត។

តាមការបញ្ជាក់ពីក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងទៀតថា បើទោះបីពួកគាត់ដឹកជញ្ជូនទំនិញដែលបង់ពន្ធនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏គ្មានអ្នកណាគេចផុតពីបង់លុយឲ្យមន្ត្រីគយចល័តប្រចាំប៉ុស្តិ៍ជជុះ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ នោះដែរ។

គេថា លោក ញិប ផល្លិក តម្រូវឲ្យឈ្មួញ និងអាជីវករបង់លុយសម្រាប់រថយន្តសាំយ៉ុង និងរថយន្តនីសាន់១គ្រឿងពី ៥ម៉ឺន ទៅ ១០ម៉ឺនរៀល ដោយគ្មានអ្នកណាហ៊ានតវ៉ាទេ។ ចំណែករថយន្តធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់គឺលោក ញិប ផល្លិក មិនហ៊ានចាត់ការបង្ក្រាបឡើយ ហើយគិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយពេញទំហឹង។ ជុំវិញ

បញ្ហាខាងនេះក្រុមឈ្មួញ និងអាជីវករ បានអំពាវនាវឲ្យលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រីគយចល័តតំបន់៥ ប្រចាំប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ជាបន្ទាន់ ដោយហេតុថារយៈពេល១ខែចុងក្រោយនេះ ក្រុមឈ្មួញ និងអាជីករបានលាតត្រដាងអំពើពុករលួយរបស់លោក ញិប ផល្លិក ជាបន្តបន្ទាប់ ដូចដែលបណ្ដាញព័ត៌មាននានាចុះផ្សាយជាសាធារណៈរួចទៅហើយ។ ចំណែកលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ បើកដៃឲ្យលោក ញិប ផល្លិក ធ្វើអ្វីៗតាមអំពើចិត្ត។

បើទោះជាយ៉ាងណា រឿងនេះ មិនទាន់មានការឆ្លើយតបពី លោក ឈួន សោភា និង លោក ញិប ផល្លិក នៅឡើយទេ ថារឿងនេះ ពិតឬអត់ ?

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia