អ្នកនាំពាក្យក្រសួងមហាផ្ទៃមហាផ្ទៃ នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ នៅព្រឹកថ្ងៃទី២០ សីហា បានប្រាប់សារព័ត៌មាន Cam Post ថា សមត្ថកិច្ចបានស្រាវជ្រាវ ស្វែងរកមនុស្ស ០៣នាក់ តាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាត្រូវបានបង្ខាំងទុក ដើម្បីអោយនៅបំរើការងារក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ដោយទទួលបានបទបញ្ជារពីលោកឧត្តមសេនីយ៍ស្នងការ និង ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការស្រាវជ្រាវស្វែងរកមនុស្សទាំង ០៣នាក់ (បុរសជនជាតិអាមេរិក ០១នាក់ ,បុរសជនជាតិខ្មែរ មានសញ្ជាតិ អាមេរិក ០១នាក់ និង ស្រ្តីជនជាតិ ឥណ្ឌូនេស៊ី) ដោយមានការចូលរួមសហការណ៍ពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ចយើង បានស្វែររកឃើញមនុស្សទាំង ០៣នាក់នោះ ដោយពួកគាត់កំពុងស្នាក់នៅក្នុងបន្ទប់របស់ពួកគាត់ មិនមានការចាក់សោរឃុំឃាំងពីខាងក្រៅ ឬមានអ្នកណាយាមនៅមុខបន្ទប់ទេ ហើយក្រុមការងារបានពិនិត្យមើលស្លាកស្នាមនៅលើដងខ្លួនរបស់ពួកគាត់ តែមិនបានរកឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយពួកគាត់ក៏បានអះអាងថា ពួកគាត់មិនមានស្នាមរបួសអ្វីទេ ទើបកម្លាំងសមត្ថកិច្ចយើងនាំពួកគាត់មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
បើតាម លោក ខៀវ សុភ័គ មនុស្សទាំង ០៣នាក់ មានអត្តសញ្ញាណដូចខាងក្រោម ៖ ១-ឈ្មោះ SATH CHAP ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក លិខិតឆ្លងដែនលេខៈ 591630169 (ហួសទិដ្ឋការរយៈពេលជាង ០២ឆ្នាំ) ។ ២-ឈ្មោះ DANIEL WAYNE SCOTT ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិអាមេរិក លិខិតឆ្លងដែន (បាត់រយៈពេល ០២ឆ្នាំ) ។ ៣-ឈ្មោះ PLASIDIA RETTA RIAMA ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី លិខិតឆ្លងដែន (បាត់រយៈពេល ០២ឆ្នាំ) ។
បើតាម លោក ខៀវ សុភ័គ ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងតាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ជនរងគ្រោះទាំង ០៣នាក់ បានបញ្ជាក់ថា៖ មិនមានការចាប់បង្ខាំង វាយធ្វើទារុណកម្មទេ ( តែឈ្មោះ Jackie Trio បានប្រើហិង្សាទៅលើឈ្មោះ DANIEL WAYNE SCOTT ) ។ ពួកគេទាំង ០៣នាក់ មានបុរស ០២នាក់ ធ្វើការពីកន្លែងមួយ ទៅកន្លែងមួយ ទទួលបានប្រាក់ខែគ្រប់ចំនួន ចន្លោះពី ៨០០$ ទៅ ១,០០០$ និងនៅមានប្រាក់រង្វាន់បន្ថែមចន្លោះពី ១០,០០០$ ទៅ ៥០,០០០$ នៅពេលដែលពួកគាត់ធ្វើការងារបានល្អ ។ ឈ្មោះ DANIEL WAYNE SCOTT និងបក្ខពួក ០២នាក់ ១-ឈ្មោះ Jackie Trio ,២-ឈ្មោះ AH LI ពិតជាបានរៀបចំគំរោង អោយឈ្មោះ DANIEL WAYNE SCOTT ចូលទៅបំរើការងារនៅក្រុមហ៊ុន ជិនប៉ី៤ ដើម្បីសិក្សាពីកម្មវិធីការងារ គោលបំណងទៅបើកក្រុមហ៊ុនថ្មីរបស់ពួកគេ ។ ពួកគាត់ទាំង ០៣នាក់ មាន ០១នាក់ ស្នាក់នៅលើសទិដ្ឋការរយៈពេល ជាង ០២ឆ្នាំ និង ០២នាក់ទៀត បានបាត់លិខិតឆ្លងដែនរយៈពេល ០២ឆ្នាំមកហើយ ។ ជាសំណូមពរ ពួកគាត់ទាំង ០៣នាក់ បានស្នើសុំត្រឡប់ទៅរាជធានីភ្នំពេញវិញ ៕