អ្នកជំនាញបានបញ្ជាក់ថា ជំងឺស្រ្តេស មានរោគសញ្ញាជាច្រើនដូចជា ៖ ១. ឧស្សាហ៍ភ្លេចភ្លាំង ។ ប្រសិនបើមានការលំបាកក្នុងការផ្ចង់អារម្មណ៍ ស្ត្រេសអាចជាមូលហេតុបង្កមួយដែរ។
ស្ត្រេស និងការថប់បារម្ភអាចប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ និងសមត្ថភាពក្នុងការរកនឹក ឬរំឭកនូវការចងចាំចាស់ៗ ឬក៏បង្កើតថ្មីជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សាកលវិទ្យាល័យ Harvard ។ ការសិក្សាឆ្នាំ២០១៨ លើផ្នែកប្រព័ន្ធប្រសាទបានបង្ហាញថាមនុស្សពេញវ័យដែលមានកម្រិតអ័រម៉ូនស្ត្រេស (cortisol) ខ្ពស់មានការចងចាំចុះខ្សោយ និងទំហំខួរក្បាលក៏តូចជាងមុន។ ២. បញ្ហាស្បែក ។ នៅពេលយើងស្ថិតក្នុងស្ថានភាពស្ត្រេសយូរពេក ស្បែកយើងនឹងមានប្រតិកម្មដូចជាកន្ទាលត្រអាក កន្ទួលក្រហម និងឡើងមុន។
មូលហេតុមកពីស្ត្រេសធ្វើឲ្យរាងកាយរបស់យើងបង្កើតអ័រម៉ូន cortisol និងអ័រម៉ូន epinephrine ដែលធ្វើឲ្យក្រពេញខ្លាញ់នៅស្បែកផលិតខ្លាញ់ច្រើន ហើយនេះជាកត្តាបង្កបញ្ហាមុន និងជំងឺស្បែកផ្សេងៗ។ ៣. ថយចំណង់ផ្លូវភេទ ។
ស្រ្តេសខ្លាំង ឬស្ត្រេសរ៉ាំរ៉ៃអាចប៉ះពាល់ដល់កម្រិតអ័រម៉ូនក្នុងរាងកាយ ដោយរាងកាយផលិតអ័រម៉ូន cortisol និងអ័រម៉ូន epinephrineច្រើនធ្វើឲ្យចំណង់ផ្លូវភេទថយចុះ។
ការសិក្សាចេញផ្សាយនៅឆ្នាំ២០១៣ ក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ Sexual Medicine បានរកឃើញថាស្ត្រេសខ្លាំងអាចធ្វើឲ្យស្រីៗបាត់បង់ចំណង់ផ្លូវភេទ ហើយអ្នកស្រាវជ្រាវបានសន្និដ្ឋានថានេះមកពីការរំខានផ្លូវចិត្ត និងការកើនឡើងនៃអ័រម៉ូន cortisol។ ស្ត្រេសក៏ប៉ះពាល់ដល់សុខភាពរាងកាយរបស់បុរសផងដែរ។
ផលប៉ះពាល់រយៈពេលយូររបស់ស្ត្រេសអាចធ្វើឲ្យសរសៃឈាមរួមតូច និងប៉ះពាល់ដល់លំហូរឈាមដែលទាក់ទងនឹងបញ្ហាលិង្គមិនឡើងរឹង (Erectile Dysfunction)។ ៤. សាច់ដុំឡើងតឹង ។
ស្រ្តេស អាចបង្កឲ្យមានអាការៈ តឹងសាច់ដុំក ស្មា ឬខ្នង។ រាងកាយរបស់យើងទប់ទល់នឹងស្ត្រេសដោយបញ្ចេញអ័រម៉ូនដែលជួយឲ្យសាច់ដុំត្រៀមជាស្រេចក្នុងការឆ្លើយតបទៅនឹងអ្វីដែលគំរាមកំហែងយើង។ នេះអាចជួយក្នុងរយៈពេលខ្លី ប៉ុន្តែអាចបង្កជាបញ្ហាប្រសិនជាយើងស្ថិតក្នុងស្ថានភាពស្ត្រេសមិនឈប់ឈរព្រោះសាច់ដុំមិនបានសម្រាក។ ៥. កំហឹង ។ ការខឹង ក៏ជារោគសញ្ញាទូទៅមួយនៃស្ត្រេសរយៈពេលយូរដែរ។ នៅពេលរាងកាយបញ្ចេញសារធាតុគីមីដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងអ្វីមួយ បេះដូងនឹងលោតញាប់ដើម្បីជួយឲ្យយើងធ្វើសកម្មភាព។ នេះអាចធ្វើឲ្យយើងមានអារម្មណ៍ប្រែប្រួល និងខឹង។
ការសិក្សានៅក្នុងព្រឹត្តិបត្រ American Heart បានរកឃើញថាការខឹងច្រើនមានទំនាក់ទំនងនឹងបញ្ហាផ្លូវចិត្ត និងបង្កើនហានិភ័យជំងឺបេះដូង។ ៦. សុខភាពពោះវៀន ។
ស្រ្តេសរ៉ាំរ៉ៃអាចបង្កឲ្យមានផលវិបាកពោះវៀនដូចជាឈឺពោះ ទល់លាមក និងរាករូសជាដើម។ នេះមកពីពោះវៀន និងប្រព័ន្ធសរសៃប្រសាទកណ្ដាលមានទំនាក់ទំនងជាមួយគ្នា។ នេះបើតាមការចេញផ្សាយក្នុង Medicine John Hopkins។ ៧. ឈឺក្បាល ។ នៅពេលរាងកាយផលិតអ័រម៉ូន adrenaline និងអ័រម៉ូន cortisolអាចបង្កឲ្យមានការផ្លាស់ប្តូរដើម្បីជួយដល់សាច់ដុំត្រៀមរួចជាស្រេចក្នុងការទប់ទល់នឹងស្ថានការណ៍អ្វីមួយ ប៉ុន្តែការផ្លាស់ប្តូរអាចបង្កឲ្យមានអាការៈឈឺក្បាល ឬឈឺក្បាលប្រកាំង បាន។ បន្ថែមពីនេះទៀត អំឡុងពេលស្ត្រេសខ្លាំង មនុស្សមួយចំនួនអាចមានអាការៈតឹងនៅនឹងក ថ្គាម និងស្មាដែលអាចធ្វើឲ្យអាការៈឈឺក្បាលកាន់តែធ្ងន់ធ្ងរ។ ទោះបីជាយើងមិនអាចកម្ចាត់ស្ត្រេសពីជីវិតបានទេ យើងអាចរៀនគ្រប់គ្រងស្ត្រេសរាល់ថ្ងៃបាន ដើម្បីជួយដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ៕