លោកស្រីបានបញ្ជាក់ថា ចក្រភពអង់គ្លេស បានផ្តល់ជំនួយជួយដល់អង្គការ MAG ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើការបោសសម្អាតមីន ផ្តល់ដីមានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទីជនបទ ព្រមទាំងបានផ្តល់សារអប់រំផ្សេងៗក្នុងគោលដៅបង្កើនការយល់ដឹងអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។
លោកស្រីសង្ឃឹមថា ប្រជាពលរដ្ឋដែលបានទទួលសារអប់រំនាថ្ងៃនេះ នឹងផ្សព្វផ្សាយណែនាំបន្តដល់ក្រុមគ្រួសារ និងញាតិមិត្តរបស់ខ្លួនផងដែរ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបាននិងកំពុងចូលរួមជួយដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាពជួយសង្រ្គោះជីវិតមនុស្ស និងបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកទេសរដ្ឋមន្រ្តីបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា ក៏ដូចចក្រភពអង់គ្លេស ក្នុងគោលដៅពន្លឿនឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានឆាប់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះឲ្យនៅកំរិតអប្បបរមា និងឈានទៅលប់បំបាត់ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជានៅឆ្នាំ ២០២៥៕