លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរសរុប ១៣១.៥៤២នាក់ ក្នុងរយៈពេល៣ថ្ងៃនេះ រួមមាន៖ ភ្ញៀវទេសចរជាតិចំនួន ១៣០.៩៣២នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦១០នាក់។
លោក បន្តថា ទោះបីភ្ញៀវទេសចរភាគច្រើនជាភ្ញៀវក្នុងស្រុកក៏ដោយ ប៉ុន្តែចំនួនភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើង ១៩៨នាក់ ឬស្មើនឹង ៤៨,០៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។
តួលេខកំណើននេះឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងឡើង នៃសក្តានុពលទេសចរណ៍របស់ខេត្តកែប ក្នុងការផ្តល់កន្លែងសម្រាកលម្ហែកាយ និងបទពិសោធន៍ថ្មីៗដល់អ្នកធ្វើដំណើរ។
លោកប្រធានមន្ទីរទេសចរ បានគូសបញ្ជាក់ថា ស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ទេសចរណ៍ទូទាំងខេត្ត ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ និងរក្សាបាននូវរបៀបរៀបរយល្អ។
លទ្ធផលនេះ កើតចេញពីការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចសហការរៀបចំគ្រប់គ្រងយ៉ាងម៉ត់ចត់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានជួយរក្សាបរិយាកាសកម្សាន្តឱ្យមានភាពស្ងប់ស្ងាត់ កក់ក្តៅ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ។ លោក បន្ថែមថា ការទទួលបានភ្ញៀវទេសចរជាង១៣ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ រួមជាមួយការគ្រប់គ្រងសណ្តាប់ធ្នាប់ និងសុវត្ថិភាពបានល្អ គឺជាសមិទ្ធផលវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍ខេត្តកែប។
លោក បញ្ជាក់ថា ដើម្បីរក្សានិរន្តរភាពនៃកំណើននេះ ការបន្តពង្រឹងគុណភាពសេវាកម្ម អនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភ្ញៀវទេសចរ នឹងនៅតែជាកត្តាគន្លឹះ ក្នុងការលើកកម្ពស់កិត្យានុភាព និងភាពទាក់ទាញរបស់ខេត្តជាគោលដៅទេសចរណ៍ឈានមុខមួយនៅកម្ពុជា៕