ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការទូតចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន លោក ហ្សង់ ហ្វ្រង់ស័រ តាន បានថ្លែងបូកសរុបទស្សនៈជុំវិញគោលជំហរការទូតរបស់កម្ពុជាយ៉ាងដូច្នេះថា៖ «ក្នុងសមុទ្រពិភពលោកមួយដែលពោរពេញដោយរលកធំៗ កម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនរត់គេចពីរលកនោះទេ។ កម្ពុជាកាន់ចង្កូតឱ្យនឹង ហើយចង្កូតនោះឈ្មោះថា ច្បាប់ សន្តិភាព និងមិត្តភាព»។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ ក៏បានសង្ខេបនូវសារអត្ថន័យសំខាន់ៗចំនួន ៣ ពីការអញ្ជើញចូលរួមរបស់សម្តេចធិបតី ក្នុងជំនួបកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅប្រទេសហ្វីលីពីន ដើម្បីបង្ហាញពីភាពនឹងនរ និងភាពចាស់ទុំនៃនយោបាយការបរទេសកម្ពុជា រួមមាន៖ ទី១. វត្តមាន និងសំឡេងច្បាស់លាស់លើឆាកអន្តរជាតិ៖ កម្ពុជាជាប្រទេសតូច តែមានវត្តមានជាប់ជានិច្ច និងមានសំឡេងច្បាស់ៗ នៅលើវេទិកាតំបន់ និងអន្តរជាតិ។ ទី២. គោលការណ៍ច្បាស់លាស់៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាស់លាស់ នោះគឺការគោរពច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងការស្វែងរកគ្រប់ដំណោះស្រាយដោយសន្តិវិធី។ ទី៣. ចំណងមិត្តភាព និងការគាំទ្រ៖ កម្ពុជាមានមិត្ត ហើយមិត្តទាំងនោះកំពុងស្តាប់ កំពុងបន្តគាំទ្រ និងកំពុងបន្តរាប់រកកម្ពុជាក្នុងភាពស្និទ្ធស្នាលជាទីបំផុត៕