ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
កម្ពុជា-អាមេនី បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ
ថ្ងៃទី ៖ 16-11-2026, ដោយ​​ dara007 , 51 Views
                     
ភ្នំពេញៈ កម្ពុជា-អាមេនី បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិឱ្យកាន់តែរីកចម្រើន ។

ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Nikol Pashinyan នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្នុងឱកាសនៃជំនួប លោកនាយករដ្ឋមន្ត្រីអាមេនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក និងគណៈប្រតិភូ ព្រមទាំងបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ។

ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេនី និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួបពិភាក្សាការងាររវាងលោក និង សម្តេចធិបតី នាពេលនេះ នឹងបង្កើតនូវកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីអាមេនី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ។

សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា នៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលកម្ពុជា និងអាមេនីអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចធិបតី និងនាយករដ្ឋមន្ត្រីអាមេនី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ ជាដើម។

សម្តេចធិបតី បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអាមេនី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com