កញ្ញា ម៉ៅ គឹមស៊ិយ៉ុង ជាបុគ្គលិកមជ្ឈមណ្ឌលសច្ចៈ បានប្រាប់ឱ្យដឹងថា មជ្ឈមណ្ឌលសច្ចៈ ជាមជ្ឈមណ្ឌលសិប្បកម្មដំបូងគេបង្អស់ក្នុងខេត្តសៀមរាបបាននាំយកនូវផលិតផលជាច្រើនប្រភេទមកដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ហ្រ្វង់កូហ្វូនីលើកទី២០ មានដូចជា ចម្លាក់ថ្ម ចម្លាក់ឈើ ល្ពាក់ផ្តៅ និងក្រមាខ្មែរ មកដាក់តាំងបង្ហាញដល់ភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាជនខ្មែរដែលមកទស្សនានៅក្នុងព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី បានឃើញនិងចូលរួមគាំទ្រនូវផលិតផលខ្មែរឱ្យបានច្រើនទាំងអស់គ្នាដែលជាស្នាដៃខ្មែរពិតៗ ។
កញ្ញាយល់ឃើញថាកម្មវិធីនេះពិតជាមានសារៈសំខាន់ដែលបានជួយផ្សព្វផ្សាយ ឱ្យគេស្គាល់ច្រើនទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក មួយវិញទៀតក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់ឱកាស ដល់ក្រុមហ៊ុនសច្ចៈដាក់តាំងផលិតផល នៅក្នុងព្រឹត្តិការណ៍នេះ សូមឱ្យបងប្អូនអញ្ជើញមកទស្សនាឱ្យបានច្រើន ដោយកម្មវិធីនេះមានរយៈពេល៥ថ្ងៃ មានស្តង់ផលិតផលជាច្រើនដែលអាចឱ្យបងប្អូនចូលមកទស្សនាបាន»។
ចំណែកលោកស្រី មុំ សុធារ័ត្នមុនីហ្សា ជាបុគ្គលិកក្រុមហ៊ុនសិប្បករអង្គរបានឱ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍នេះជាឱកាសមួយដ៏ល្អ ដែលសិប្បករអង្គរបានយកផលិតផលខ្មែរធ្វើដោយដៃដែលមានគុណភាព មកដាក់តាំងបង្ហាញដល់ភ្ញៀវទេសចរ ឱ្យជួយគាំទ្រលិតផលខ្មែរ ដោយផលិផលទាំងនេះ ផលិតឡើងដោយភាពផ្ចិតផ្ចង់ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ខ្មែរ។
លោកស្រីគូសបញ្ជាក់ថា នេះគឺជាឱកាសមួយ ដែលយើងអាចធ្វើបទបង្ហាញ ពីវប្បធម៌ ដូចជា ផលិតផល ចម្លាក់ថ្ម ចម្លាក់ឈើ ដើម្បីឱ្យប្រទេសដែលគាត់ចូលរួមឃើញថា សិប្បកម្មដែលធ្វើដោយដៃ មានគុណភាពល្អ ហើយបច្ចេកទេស មិនមែនយើងទើបតែមានទេ គឺយើងមានយូរលង់ណាស់មកហើយ បើសិនជាភ្ញៀវទេសចរគាត់ចង់ឃើញ គឺនៅខេត្តសៀមរាប ហើយបច្ចេកទេសចម្លាក់ថ្មនេះទៀតសោតគឺបានមកពីដូនតាខ្មែរយើងពីបុរាណ»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនី មានស្តង់តាំងបង្ហាញផលិតផលសរុបចំនួនជាង ១៣០ស្តង់ ក្នុងនោះមានស្តង់ចំនួន ៧៣ សម្រាប់ប្រទេសចំនួន ៥៦ ដើម្បីបង្ហាញផលិតផលក្នុងស្រុក ការសម្តែងសិល្បៈ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ប្រទេសនីមួយៗ។ ដោយឡែក ស្តង់ចំនួន ៣០ទៀត ត្រូវរៀបចំសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយម្ហូបអាហាររបស់បណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនីផងដែរ៕