ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្ដេចធិបតី៖ យុវជនឆ្លងកាត់កាតព្វកិច្ចយោធា នឹងក្លាយជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត និងមានស្មារតីស្រឡាញ់ជាតិ
ថ្ងៃទី ៖ 09-11-2026, ដោយ​​ Dara007 , 66 Views
                     
កំពង់ស្ពឺៈ សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា យុវជនឆ្លងកាត់កាតព្វកិច្ចយោធា នឹងក្លាយជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត និងមានស្មារតីស្រឡាញ់ជាតិ ដើម្បីទទួលបានឱកាសហ្វឹកហ្វឺនបំពេញសមត្ថភាពជំនាញ ទាំងជំនាញកងទ័ព បច្ចេកវិទ្យា និងជំនាញផ្សេងៗទៀត។

ការថ្លែងរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ស្ថិតនៅសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានកោះឆ្នេរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវច្បាប់ ស្តីពី កាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងពង្រឹងមូលធនមនុស្សក្នុងវិស័យការពារជាតិ។ តាមរយៈការហ្វឹកហ្វឺននេះ នឹងជួយដុសខាត់បញ្ញាស្មារតីរបស់យុវជន ដែលជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត ឱ្យមានស្មារតីស្រឡាញ់ជាតិ មាតុភូមិ គោរពច្បាប់ មានវិន័យ និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។

សម្តេចធិបតី បានបន្ថែមថា យុវជនដែលបានឆ្លងកាត់ការហ្វឹកហ្វឺនផ្ទាល់ នឹងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃលើការគ្រប់គ្រងខ្លួនឯង ការគោរពពេលវេលា ការដោះស្រាយបញ្ហាជាក់ស្តែង ព្រមទាំងការចេះរួមរស់ជាមួយអ្នកដទៃ ប្រកបដោយស្មារតីភាតរភាព និងភាពជាអ្នកដឹកនាំ។ សម្ដេចធិបតីសង្កត់ធ្ងន់ថា សម្រាប់យោធិនចូលហ្វឹកហ្វឺនទ័ពមិនមែនមានតែមានភារកិច្ចកាន់អាវុធនោះទេ គឺមានជំនាញយ៉ាងច្រើន ដូចជា ៖ ការរៀនសូត្រពីជំនាញប្រយុទ្ធ , ថ្មើរជើង , រថក្រោះ , កាំភ្លើងធំ , ការពារអាកាស ដូចជា ដ្រូន ជាដើមដែលជំនាញខ្លះ មិនអាចរកមាននៅខាងស៊ីវិលឡើយ។

ជាមួយគ្នានេះ សម្ដេចធិបតីក៏ បានលើកទឹកចិត្តដល់យុវជនដែលស្ម័គ្រដាក់ពាក្យចូលរួមកាតព្វកិច្ចយោធាត្រូវចូលរួមហ្វឹកហ្វឺនឱ្យបានសកម្ម ។ ចំពោះអ្នកមិនទាន់បានដាក់ឈ្មោះចូលបំពេញកាតព្វកិច្ចយោធា ត្រូវនាំគ្នាមកដាក់ពាក្យនៅឆ្នាំខាងមុខបន្តបន្ទាប់ទៀតផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com