ក្រោយពីទទួលបានបណ្ដឹងខាងលើលោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យបាន ហើយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កម្លាំងបានធ្វើប្រតិបត្តិការបង្រ្កាប៣ចំណុច មានក្នុងសង្កាត់អូរអំបិល ,សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៤នាក់ ១.ឈ្មោះ ណុង រ៉ាឈិត ភេទប្រុស អាយុ១៧ឆ្នាំ, ២,ឈ្មោះ ចន រាជ (រក្សា) ភេទប្រុស អាយុ២៦ឆ្នាំ, ៣,ឈ្មោះ ម៉េត រ៉ាយុត្តិ (មាន) ភេទប្រុស អាយុ១៩ឆ្នាំ, ៤.ឈ្មោះ សារ៉ាក់ ម៉ូលីណេត ភេទប្រុស អាយុ២៧ឆ្នាំ ក្នុងចំណោមបក្ខពួក១៥នាក់ ព្រមទាំងបានចាប់យកវត្ថុតាង ៖ ១.ស្រោមសំបុត្រ ពណ៌ស បិទជិត សម្រាប់ដាក់គ្រឿងញៀន មួយកញ្ចប់តូច(មានស្នាមម្រាមដៃរបស់ជនសង្ស័យឈ្មោះ ណុង រ៉ាឈិត), ២.កាំបិតកែច្នៃ ប្រវែង៦៦ សង់ទីម៉ែត្រ ចំនួន០១ដើម, ៣.ដែកឆាប ដងឈើ ប្រវែង២៦ សង់ទីម៉ែត្រ ចំនួន០១ដើម, ៤.កាំបិតកែច្នៃដងដែក ប្រវែង១០៧ សង់ទីម៉ែត្រ ចំនួន០២ដើម, ៥.ទូរសព្ទដៃ ចំនួន៣គ្រឿង, ៨.ស្ពិកឃើ ចំនួន០២គ្រឿង(ប្រគល់ជូនជនរងគ្រោះវិញ)។
ជនសង្ស័យក្រោយឃាត់ខ្លួនត្រូវបានសមត្ថកិច្ចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យខាងលើ រកឃើញមានសារធាតុញៀនវិជ្ជមាន(+) ចំនួន០៣នាក់ ចំណែកជនសង្ស័យឈ្មោះ ម៉េត រ៉ាយុត្តិ (មាន) ពុំមានសារធាតុញៀននោះទេ ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកកាំបិតដេញកាប់ទៅលើក្រុមជនរងគ្រោះ និងបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឱ្យខូចខាតចំនួន០២គ្រឿង ថែមទាំងបានចូលលួចយកធុងបាស់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
សូមបញ្ជាក់ថាកន្លងមកក្រុមជនសង្ស័យខាងលើ គឺជាមុខសញ្ញាក្រុមក្មេងទំនើង និងជាគូរជម្លោះ ដែលបង្កអសន្តិសុខ និងប្រព្រឹត្តបទល្មើសនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបនិងបានបញ្ជូនទៅពន្ធនាគារតាមដីការបស់តុលាការ ក្រោយចេញពីពន្ធនាគារវិញ ក្រុមជនសង្ស័យទាំងនេះបានចូលរួមគ្នាប្រព្រឹត្តបទល្មើសបន្តទៀត។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕