បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ដល់មកកាន់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែតុលា បើធៀបរយៈពេលដូចគ្នាកាលពីខែកញ្ញា ឆ្នាំ២០២៦ដដែល បានកើនឡើង៧ករណី ចំនួនអ្នកស្លាប់កើនឡើង៣១នាក់ និងអ្នករបួសកើនឡើងរហូតទៅដល់ ១០៧នាក់។
គ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា ភាគច្រើនកើតឡើងនៅពេលយប់ ពោលគឺមានរហូតដល់១៣៨ករណីទៅហើយ។ ដោយឡែក មូលហេតុនៃគ្រោះថ្នាក់ ភាគច្រើនគឺការបើកបរលើសល្បឿនកំណត់ មាន៩១ករណី និងមិនគោរពសិទ្ធិអាទិភាព ៥៣ករណី។
សមត្ថកិច្ចបានចាប់ផ្ដើម អនុវត្តវិធានការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦កន្លងមក ដោយផ្តោតអនុវត្តតែនៅក្នុងភូមិសាស្ត្រ ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា៕