លោកស្រី SILKE RÖFER បានជម្រាបលោកអភិសន្តិបណ្ឌិត ថា លោកស្រីបានស្រាវជ្រាវ និងទទួលព័ត៌មានជាច្រើន អំពីទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ ពិសេសលទ្ធផលនៃកិច្ចសហប្រតិបត្តិការគាំទ្រកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រួមទាំងដំណើរទស្សនកិច្ចរបស់លោកអភិសន្តិបណ្ឌិត ដើម្បីឈ្វេងយល់បន្ថែមលើការងារនេះ នៅប្រទេសអាល្លឺម៉ង់ និងស្វីស កាលពីឆ្នាំ២០២៤ ហើយថាចាប់ពីពេលនេះទៅ លោកស្រីនៅមានគម្រោងមួយចំនួនទៀតដែលត្រូវបន្តធ្វើការជាមួយគ្នា។
លោក ស សុខា ថ្លែងអរគុណ និងការវាយតម្លៃយ៉ាងពេញចិត្តដូចគ្នា ចំពោះការសម្រេចបានសមិទ្ធផលជាច្រើនក្នុងដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការ ពិសេសការផ្ទេរមុខងារ ធនធាន និងថវិកា ពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ស្របតាមបំណងប្រាថ្នាពង្រឹងភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋាន ដូចដែលភាគីអាល្លឺម៉ង់បានកំពុងបន្តជួយគាំទ្រ ចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលកន្លងមករហូតដល់បច្ចុប្បន្ន។
ជាផ្លែផ្កាសង្ខេប ប្រមុខក្រសួងមហាផ្ទៃ បានរំលេចពីការរៀបចំឱ្យមានរចនាសម្ព័ន្ធដាច់ដោយឡែក និងការបោះឆ្នោត ទាំងនៅថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ពិសេសការពង្រីកធនធានមនុស្ស និងថវិកាភ្ជាប់ដោយការផ្ទេរមុខងារជាង៨០០ប្រភេទសេវា ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លទ្ធផលនៃកំណែទម្រង់នេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងតាមរយៈការដំឡើងមូលនិធិឃុំ សង្កាត់ ពីជាមធ្យមប្រមាណ២ម៉ឺនដុល្លារនៅឆ្នាំ២០០២ រហូតដល់ប្រមាណ២០ម៉ឺនដុល្លារនៅឆ្នាំ២០២៦ ជាដើម។
ក្នុងជំនួបនោះដែរ លោក ស សុខា ក៏បានចែករំលែកព័ត៌មានជាក់ស្ដែង ស្ដីពីលទ្ធផលនៃកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាអាទិ៍ ការបណ្ដេញចេញ និងការចេញដោយស្ម័គ្រចិត្តនៃជនបរទេសប្រមាណ៥សែននាក់ក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ ការបង្កើតក្របខណ្ឌច្បាប់យ៉ាងម៉ឺងម៉ាត់ និងការបង្កើត ព្រមទាំងអនុវត្តយ៉ាងល្អនូវកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា ជាមួយបណ្ដាប្រទេស និងអង្គការជាដៃគូ តួយ៉ាងអាម៉េរិក ចិន អូស្ត្រាលី កូរ៉េ ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី អង់គ្លេស ជាដើម ខណៈមេក្លោងជនបរទេសជាច្រើននាក់ត្រូវចាប់បញ្ជូនចេញ និងឃាត់ខ្លួននៅកម្ពុជា ក្នុងនោះមានមន្រ្តីកម្ពុជាដែលពាក់ព័ន្ធជាច្រើននាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។
លោកបន្ថែមទៀតថា ប្រតិបត្តិការកន្លងមក កម្ពុជាបានបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណ៤០០កន្លែង ហើយថ្មីៗនេះ បានបន្តវិធានការបោសសម្អាតទីតាំងកាស៊ីណូស្របច្បាប់ដែលលួចបង្កប់ល្បែងភ្នាល់តាមអនឡាញ ដោយឈានទៅរកឃើញ និងដកអាជ្ញាបណ្ណកាស៊ីណូចំនួន៦ទីតាំង ខណៈភារកិច្ចដែលកម្ពុជាត្រូវបន្ត និងកំពុងមានកិច្ចសហការយ៉ាងល្អជាមួយបណ្ដាដៃគូអន្តរជាតិនោះ គឺការតាមបោសសម្អាតទីតាំងលួចលាក់តូចៗ និងការចែករំលែកព័ត៌មានដើម្បីឈានទៅកាត់ផ្ដាច់ខ្សែច្រវាក់ជាសកលរបស់ពួកឧក្រិដ្ឋជន។
លោកស្រី SILKE RÖFER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មានដ៏មានសារសំខាន់នេះ និងបានអះអាងថាក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោកស្រីនឹងរៀបចំព័ត៌មានទាំងនេះ រាយការណ៍ជូនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៅអាល្លឺម៉ង់ រួមទាំងក្រុមអ្នកវិនិយោគ និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍៕