ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
៩ខែ ឆ្នាំ២០២៦  សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ លើកកម្ពស់សមត្ថភាពមន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ ជិត៣ពាន់នាក់ ទាំងក្នុងនិងក្រៅប្រទេស
ថ្ងៃទី ៖ 27-10-2026, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ហៅកាត់ថា NASLA បានបន្តរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន៤៦វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុប២.៨១៣រូប ក្នុងនោះស្ត្រីមាន១.១២៥រូប។ វគ្គបណ្ដុះបណ្ដាលទាំងនោះ ផ្ដោតលើក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ចំនួននេះ សម្រេចបានប្រមាណ១៣០.៨ ភាគរយធៀបនឹងផែនការដែលបានគ្រោងទុក។

បើតាមរបាយការណ៍ដែលសាលាជាតិរដ្ឋបាលមូលដ្ឋានផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ វគ្គបណ្ដុះបណ្ដាលដែល NASLA រៀបចំនោះ មានជាអាទិ៍ វគ្គបណ្ដុះបណ្ដាលស្ដីពីការពិភាក្សាប្រកបដោយបរិយាបន្ន ភាពជាអ្នកដឹកនាំស្រ្តីក្នុងមុខតំណែងសម្រេចចិត្ត កម្មវិធីគ្រប់គ្រងកម្រិត១ វគ្គ៣ និងវគ្គ៤ កម្មវិធីភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី ជំនាន់ទី៨ និងជំនាន់ទី៩ ការរៀបចំថវិការដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបចូលរួម និងប្រកបដោយបរិយាបន្ន។

ជាមួយគ្នានេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានពង្រឹងការអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រី និងបញ្ញាអារម្មណ៍ ការអន្តរាគមន៍អភិវឌ្ឍសមត្ថភាព ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ បរិយាបន្នពិការភាព ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ការពង្រឹងតួនាទី ភារកិច្ច ការលើកកម្ពស់ការចូលរួមប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហា កម្មវិធីវិក្រឹតការមូលដ្ឋាន ជំនាន់ទី១០ វគ្គ១ និងវគ្គ២។

បន្ថែមពីនេះ NASLA បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីលេខាធិការរដ្ឋបាល ២០២៦ វគ្គ១ និងវគ្គ២ ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ការតាក់តែងអត្ថបទ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន សម្រាប់គ្រូបង្គោល ការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍមូលដ្ឋាន សេវាសាធារណៈឆ្លើយតបនឹងយេនឌ័រផ្សារភា្ជប់ជាមួយថវិកាឃុំ សង្កាត់ ការគ្រប់គ្រងរដ្ឋបាលរាជធានីសម្រាប់ក្រុមប្រឹក្សា កិច្ចការរដ្ឋបាល និងការគ្រប់គ្រងផ្អែកលើលទ្ធផល សម្រាប់គ្រូបង្គោល។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះដែរ ក្នុងរយៈពេល ៩ខែដូចគ្នានេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានចាត់មន្ត្រី១០រូប ក្នុងនោះមានស្រ្តី៣រូប ទៅចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលវែង និងខ្លី ក្នុងនិងក្រៅប្រទេសចំនួន៥វគ្គ នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា សិង្ហបុរី សាលាជាតិភូមិន្ទរដ្ឋបាល DICHI ACADEMY ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានរៀបចំផ្សព្វផ្សាយអាហារូបករណ៍រយៈពេលខ្លី និងរយៈពេលវែង និងវគ្គសិក្សានានាសរុបចំនួន៩ ដល់មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម។

ដើម្បីសម្រួចគុណភាពនៃការបណ្ដុះបណ្ដាល សាលាក៏បានយកចិត្តទុកដាក់ពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលដោយបាននិងកំពុងរៀបចំកម្មវិធីសិក្សា រៀបចំសៀវភៅគោលថ្មីចំនួន៣ប្រធានបទ ពាក់ព័ន្ធនឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ការប៉ាន់ប្រមាណតម្រូវការអភិវឌ្ឍន៍សមត្ថភាព និងការប្រើប្រាស់បញ្ញាសប្បនិម្មិតសម្រាប់បំពេញការងារ ព្រមទាំងបណ្ដុះបណ្ដាលគ្រូបង្គោលបានចំនួន៣វគ្គ ពាក់ព័ន្ធនឹងការគ្រប់គ្រងផ្អែកលើលទ្ធផល កិច្ចពិភាក្សាប្រដោយបរិយាបន្ន និងបរិយាបន្នពិភាក្សាក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដោយមានសិក្ខាកាម៨៧រូប សម្រាប់គ្រូបង្គោលរបស់សាលាជាតិរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ផងដែរ។ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន មានជាអាទិ៍ នាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានបណ្ដុះបណ្ដាល នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com