ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សិស្ស-និស្សិត TVET ទទួលបានឱកាសអនុវត្តជំនាញជាក់ស្តែង តាមរយៈកម្មសិក្សានៅក្រុមហ៊ុនមីនេបៀ
ថ្ងៃទី ៖ 20-10-2026, ដោយ​​ Dara007 , 65 Views
                     
ភ្នំពេញៈ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្លួនសម្រាប់ការចូលទីផ្សារការងារ។

លោក ជន វិចិត្រ ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាល នៃក្រុមហ៊ុន មីនេបៀ (ខេមបូឌា) បានឱ្យដឹងថា ក្រុមហ៊ុនបានសហការជាប្រចាំជាមួយគ្រឹះស្ថាន TVET ដោយទទួលសិស្ស-និស្សិតចុះកម្មសិក្សាជិត ២០០នាក់ក្នុងមួយឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពួកគេពង្រឹងជំនាញ និងទទួលបានបទពិសោធន៍ការងារជាក់ស្តែង។

លោកបានលើកឡើងថា ការរៀនទ្រឹស្តីនៅសាលាមានសារៈសំខាន់ ប៉ុន្តែការចុះកម្មសិក្សានៅកន្លែងការងារពិត ក៏ជាផ្នែកមិនអាចខ្វះបាន ព្រោះជួយឱ្យសិស្ស-និស្សិតយល់ថា ចំណេះដឹង និងជំនាញដែលពួកគេបានសិក្សា អាចយកទៅប្រើប្រាស់ក្នុងការងារជាក់ស្តែងបានដោយរបៀបណា។

លោកថ្លែងថា៖ អ្នករៀនបច្ចេកទេស គាត់រៀនតែនៅសាលា តែបើគាត់អត់បានចុះទៅធ្វើការសិក្សានៅក្នុងក្រុមហ៊ុនទេ គាត់អត់ដឹងថា តើអ្វីដែលគាត់រៀន អាចយកទៅប្រើនៅកន្លែងធ្វើការបានអត់។

តាមរយៈកម្មសិក្សា សិស្ស-និស្សិតអាចស្វែងយល់ពីលក្ខខណ្ឌការងារ ដំណើរការផលិតកម្ម និងរបៀបអនុវត្តជំនាញក្នុងបរិយាកាសវិជ្ជាជីវៈ ដែលជួយឱ្យពួកគេត្រៀមខ្លួនបានកាន់តែប្រសើរ មុនឈានទៅរកការងារធ្វើក្រោយបញ្ចប់ការសិក្សា។ នេះបើតាមការបន្ថែមរបស់លោក ជន វិចិត្រ។

លោកថា កិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថាន TVET ក៏ជួយឱ្យការបណ្តុះបណ្តាលកាន់តែស្របតាមតម្រូវការទីផ្សារការងារ តាមរយៈការចែករំលែកបទពិសោធន៍ និងតម្រូវការជំនាញពីវិស័យឯកជន។ ការតភ្ជាប់ការសិក្សាទៅនឹងការអនុវត្តជាក់ស្តែងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់និយោជក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com