ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្ដេចធិបតី៖ ក្រុម AOT ហ្វីលីពីននឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី
ថ្ងៃទី ៖ 20-10-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក នាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, លោក នាយឧត្តមសេនីយ៍ នាយសេនាធិការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកនាយឧត្តមសេនីយ៍ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។

ជាមួយនឹងការសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ, លោកក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីន នាពេលថ្មីៗនេះ។

សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ, ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ព្រមទាំងឈានទៅសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នាពេលខាងមុខ និងខិតខំប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះ ឱ្យក្លាយជាសកម្មភាព​ និងលទ្ធផល ជាក់ស្ដែង។

បន្ថែមលើនេះ, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន, ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។

សម្ដេចធិបតីក៏បានបញ្ជាក់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ នូវការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។

កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។ មុននឹងបញ្ចប់, សម្ដេចធិបតី និងលោកនាយឧត្តមសេនីយ៍បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកងទ័ពនិងកងទ័ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការវាយប្រហារតាមប្រព័ន្ធសាយប័រជាដើម សំដៅរួមចំណែកដល់ការថែរក្សាសន្តិភាព, ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com