ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
៩ខែ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បង្ក្រាបបទល្មើសបាន ២២៨ករណី
ថ្ងៃទី ៖ 19-10-2026, ដោយ​​ Dara007 , 59 Views
                     
ក្រចេះ: មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានបង្ហាញលទ្ធផលក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៦នេះ បានចុះល្បាតយ៉ាងសកម្មចំនួន១.៤១៥លើក និងបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២២៨ករណី។ លទ្ធផលនៃការបង្រ្កាបបទល្មើស ដែលសម្រេចបានរួមមាន៖ បទល្មើសទន្ទ្រានដីព្រៃ ចំនួន ១២១ ករណី បទល្មើសព្រៃឈើចំនួន៣៧ករណី បទល្មើសសត្វព្រៃចំនួន៥៥ករណី បទល្មើសឡធ្យូងខុសច្បាប់ចំនួន ៣៦ករណី និងបទល្មើសសាងសង់រោងខុសច្បាប់ចំនួន ២៧ករណី។

ក្នុងប្រតិបត្តិការកន្លងមកនេះមន្រ្តីជំនាញ បានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ចំនួន៤៧ សំណុំរឿង (៣៩ ករណី ជាសំណុំរឿងទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធ និង៨ ករណីជាសំណុំរឿងបទល្មើសព្រៃឈើ)។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះដែរ ការអនុវត្តវិធានការច្បាប់បានទទួលសាលក្រមស្ថាពររបស់សាលាដំបូងខេត្ត រឹបអូសមកជាដីរដ្ឋបានចំនួន៤៤៧,៩៨ហិកតា និងបានបញ្ជូនជនសង្សយ័ទៅសាលាដំបូងខេត្តបានចំនួន៦ នាក់ ។

មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្ហាញលទ្ធផលការងារក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិទាំង៦ ក្នុងភូមិសាស្រ្តខេត្តក្រចេះ រួមមានដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសតត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសំបូរ និងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភ-សត្វតោ ដែលមានទំហំផ្ទៃដីចំនួន២៨៣.១៨០ ហិកតា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់។

ដើម្បីឆ្លើយតបទៅនឹងទិសដៅទៅមុខ មន្ទីរបរិស្ថានខេត្តក្រចេះ បន្តកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចភាគីពាក់ព័ន្ធ អង្គការសង្គមស៊ីវិល អង្គការដៃគូនានា រួមជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ អនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងធានាឱ្យបាននូវអនាគតចីរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពសម្រាប់ជំនាន់ក្រោយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com