ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
កិច្ចព្រមព្រៀងយោធារវាងកម្ពុជា និងតួកគីយេ ពុំមែនជាកិច្ចសន្យាទិញលក់អាវុធនោះឡើយ
ថ្ងៃទី ៖ 18-10-2026, ដោយ​​ Dara007 , 87 Views
                     
ភ្នំពេញៈ កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងតួកគីយេ គឺជាការបង្កើតមូលដ្ឋានច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការដែលផ្ដោតលើការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរបទពិសោធន៍ និងការកសាងសមត្ថភាព ដោយពុំមែនជាកិច្ចសន្យាទិញលក់អាវុធនោះឡើយ។

ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ប្រកបដោយជោគជ័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចំនួនបី គឺអាស៊ែបៃហ្សង់ ទួរគីយេ និងកាហ្សាក់ស្ថាននៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាគ្មានអ្វីដែលត្រូវលាក់លៀមឡើយចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌកិច្ចប្រតិបត្តិការយោធាជាមួយតួកគីយេ ដោយលោកបានសង្កត់ធ្ងន់ថា៖ «ទាំងអស់គ្នាត្រូវយល់ គឺជាមូលដ្ឋានច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្ដោតជាពិសេសលើការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរបទពិសោធន៍ និងការកសាងសមត្ថភាព។ និយាយបែបផ្សេង ហើយនេះទាំងអស់គ្នាត្រូវយល់ កិច្ចព្រមព្រៀងនេះ មិនមែនជាកិច្ចសន្យាទិញលក់អាវុធឡើយ»។

ទន្ទឹមនឹងនេះ លោកបានពន្យល់បន្ថែមថា បច្ចុប្បន្នប្រទេសជាដៃគូនានា ជាពិសេសតួកគីយេ បានអភិវឌ្ឍឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាទំនើបផ្នែកយោធាយ៉ាងល្អប្រសើរ។

ដូច្នេះ ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមានសិទ្ធិពេញលេញក្នុងការយកចិត្តទុកដាក់ និងរៀនសូត្រពីបទពិសោធន៍របស់បណ្តាប្រទេសជាមិត្ត និងប្រទេសដៃគូនានា ជាអាទិ៍គឺប្រទេសអាស៊ែបៃហ្សង់ និងតួកគីយេ។ លោកបានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចមួយជុំលើកនេះរបស់ សម្ដេចធិបតី ទាំងនៅអាស៊ែបៃហ្សង់ តួកគីយេ និងកាហ្សាក់ស្ថាន គឺបានផ្ដោតសំខាន់លើទិដ្ឋភាពនយោបាយ និងការទូត ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ក្រៅពីកិច្ចការនយោបាយ និងការទូត លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានរំលេចថា បណ្តាប្រទេសដែលសម្ដេចធិបតីបានឆ្លងកាត់ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ជាពិសេសកាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ សុទ្ធសឹងជាប្រទេសដែលសម្បូរដោយធនធានថាមពល ឧស្ម័នធម្មជាតិ និងរ៉ែចម្រុះ។ ហេតុដូច្នេះ វិស័យថាមពលបានក្លាយជាប្រធានបទស្នូលមួយនៃការពិភាក្សាទ្វេភាគីរវាងកម្ពុជានិងភាគីដៃគូ។ លើសពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងចាត់ឱ្យមានគណៈប្រតិភូកម្ពុជា ពិសេសលើវិស័យថាមពល និងរ៉ែ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ ដើម្បីរៀបចំអនុវត្តការងារជាក់ស្តែងបន្តទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com