ក្រៅពីបើកភ្លើងខៀវឱ្យ លោក អ៊ុំ សំអាន ចូលស្រុក លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត អះអាងយ៉ាងច្បាស់ថា «បើមានអ្វីកើតឡើងចំពោះរូបលោក គឺខ្ញុំទេដែលជាអ្នកខាតធំជាងគេ ដោយនឹងត្រូវខាតបាត់នូវទំនុកចិត្តជាមេដឹកនាំ ក៏ដូចជារងការចោទប្រកាន់នានាផងដែរ»។
ចាប់តាំងពីលោ ហ៊ុន ម៉ាណែត ក្លាយទៅជា នាយករដ្ឋមន្រ្ដី ក្នុងអាណត្តិទី៧ រយៈពេលជាង៣ឆ្នាំ លោក មិនដែលឆ្លើយឆ្លងសារនយោបាយ ឬបើកភ្លើងខៀវ ឱ្យមេដឹកនាំបក្សប្រឆាំងឡើយ ប៉ុន្តែម្ដងនេះ លោក អ៊ុំ សំអាន ហាក់មានរាសីខ្ពស់ ត្រង់ថា លោកហ៊ានទទួលយករាសីខ្លួនឯងឬអត់ ប៉ុន្តែមើលទៅលោក ហាក់ដូចជាខ្លាចស្រមោលខ្លួនឯងជាង ។
ក្រោយឆ្លើយឆ្លងសារនយោបាល ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗ ដោយហ៊ានធានាពីសុវត្ថិភាព លោក អ៊ុំ សំអាន ប្រសិនលោកព្រមមកជជែកចរចាគ្នានៅកម្ពុជា ។
យោងតាមសំណេរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
លោកនាយករដ្ឋមន្រ្ដី បន្តសំណេរទៀតថា ក្នុងសាររបស់គាត់ប្រមាណ ៨០នាទី ក្រៅពីនិយាយអំពីបញ្ហាដដែលៗ ដែលរូបគាត់តែងតែនិយាយនាពេលកន្លងមកដោយគ្មានមូលដ្ឋានច្បាស់លាស់ លោក អ៊ុំ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយ ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំ។
លោក ហ៊ុន ម៉ាណែត ថា «អ្វីដែលខ្ញុំយល់ គឺថាគាត់ហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់ ឬគ្រោះថ្នាក់ដោយអាចមានគេលបបាញ់គាត់ ឬវាយគាត់បែកក្បាល។ គាត់ថាបើជួបនៅក្រៅប្រទេសគាត់ជួប»។ លោកនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ខ្ញុំសូមបញ្ជាក់៖ ១. ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោក អ៊ុំ សំអាន និងក្រុមការងារ ៖
លោកបន្ថែមទៀតថា ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជា។ បើលោកមិនទុកចិត្ត ខ្ញុំ និងរាជរដ្ឋាភិបាល លោកអាចពឹងពាក់ឱ្យមានការជួយឃ្លាំមើលសុវត្ថិភាពរបស់លោកពីសំណាក់ស្ថានទូតបរទេសណាមួយនៅកម្ពុជា ឬអង្គការសង្គមស៊ីវិលណាដែលលោកទុកចិត្តបន្ថែមក៏បាន។ បើសិនជា ខ្ញុំមានបំណងអាក្រក់អ្វីមួយចំពោះរូបលោក អ៊ុំ សំអាន ខ្ញុំមិនមានការចាំបាច់ផ្តល់ការធានាជាសាធារណៈបែបនេះទេ ព្រោះបើមានអ្វីកើតឡើងចំពោះរូបលោក គឺខ្ញុំទេដែលជាអ្នកខាតធំជាងគេ ដោយនឹងត្រូវខាតបាត់នូវទំនុកចិត្តជាមេដឹកនាំ ក៏ដូចជារងការចោទប្រកាន់នានាផងដែរ។ ២. ពាក់ព័ន្ធនឹងទីកន្លែងជជែកគ្នា ៖ ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺមានគោលដៅពីរ៖ គោលដៅទី១ - គឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ជាអាទិ៍អ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ រួមទាំងអ្នកគាំទ្រលោក បានចូលរួមស្តាប់និងធ្វើជាសាក្សី នូវការជជែកគ្នានោះ។ ហេតុដូច្នេះ បើលោក អ៊ុំ សំអាន នៅទុកចិត្តនិងផ្តល់តម្លៃឱ្យប្រជាពលរដ្ឋខ្មែរក្នុងប្រទេស លោកមិនគួរបដិសេធការជជែកគ្នានៅក្នុងប្រទេសកម្ពុជា លើកលែងតែលោកយល់ថាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសមិនអាចទុកចិត្តបាន ឬមិនមានតម្លៃស្មើសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។
គោលដៅទី២ - គឺខ្ញុំមិនចង់ឱ្យការជជែកគ្នា បានត្រឹមតែជជែកនៅលើតុ ប្រើក្រដាសរៀងៗខ្លួនតែប៉ុណ្ណោះទេ ព្រោះធ្វើបែបនេះវាអត់បានបញ្ជាក់អ្វីច្បាស់លាស់ និងដាច់ស្រេចឡើយ។ វានាំតែខាតពេលវេលា និងអាចឱ្យកាន់តែច្របូកច្របល់ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរដែលតាមដានករណីនេះ។ ក្នុងករណីដែលការជជែកគ្នានៅលើតុ មិនច្បាស់លាស់ និងដាច់ស្រេច មានតែការផ្ទៀងផ្ទាត់ជាក់ស្តែងនៅលើដីទេទើបអាចផ្តល់ភាពច្បាស់លាស់បាន។ ហេតុដូច្នេះ មានតែការជជែកគ្នានៅក្នុងប្រទេសកម្ពុជាទេ ទើបអនុញ្ញាតឱ្យយើងចុះទៅផ្ទៀងផ្ទាត់នៅលើដីជាក់ស្តែងក្នុងករណីចាំបាច់។
ខ្ញុំនៅតែសង្ឃឹមថាលោក អ៊ុំ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់ខ្ញុំ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ នេះក៏ជាការបង្ហាញអំពីកម្រិតនៃការទុកចិត្ត និងការផ្តល់តម្លៃរបស់លោក អ៊ុំ សំអាន ចំពោះប្រជាពលរដ្ឋខ្មែរក្នុងប្រទេសផងដែរ ៕