ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
កម្ពុជាដឹងច្បាស់ពីគុណតម្លៃសន្តិភាព និងការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន
ថ្ងៃទី ៖ 05-10-2026, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ សម្តេចធិបតី ថ្លែងថា កម្ពុជាពិតជាដឹងច្បាស់ អំពីគុណតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជនក្នុងការការពារទឹកដី ។

ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្រាប់កម្ពុជាដែលមានសង្គ្រាមយូរជាងគេបំផុតនៅទូទាំងអាស៊ីអាគ្នេយ៍ ពិតជាដឹងច្បាស់អំពីគុណតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន និងនិវត្តជន នៅក្នុងការចូលរួមកសាង និងការពារជាតិ។

សម្តេចធិបតីមានប្រសាសន៍បន្តថា មិនថាកម្ពុជា ឥណ្ឌូចិន និងតំបន់អាស៊ានទាំងមូលនោះទេ បានចាត់ទុកអតីតយុទ្ធជន ជាអ្នកការពារប្រវត្ដិសាស្រ្ដ ឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមបរិបទប្រវត្ដិសាស្រ្ដ និងវប្បធម៌របស់សង្គមជាតិនីមួយៗ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា សម្រាប់កម្ពុជា គឺសន្ដិភាព និងការបង្រួមបង្រួមជាតិពេញលេញដែលទទួលបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ ដោយពិភពលោកបានស្គាល់កម្ពុជាយ៉ាងច្បាស់អំពីការអនុវត្ដនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។

សម្តេចធិបតីមានប្រសាសន៍បន្ថែមថា តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរៃជាច្រើនទសវត្ស ដណ្ដើមបានមកវិញឯកភាពជាតិ ឯកភាពទឹកដី និងសន្ដិភាពពេញលេញជាប្រវត្ដិសាស្រ្ដដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំកន្លងមក ។

ទន្ទឹមនឹងនេះ សម្តេចធិបតីមានប្រសាសន៍គូសបញ្ជាក់ថា អតីតយុទ្ធជន និងនិងនិវត្តជន គឺជាប្រតិបត្ដិករផ្ទាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្ដនយោបាយឈ្នះឈ្នះ ដោយ បានបើកបេះដូងទទួលយកការបង្រួមបង្រួមជាតិ និងស្មារតីឈ្នះឈ្នះ ដោយគ្មានអ្នកចាញ់ និងមិនបានប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com