ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
លោក ស សុខា ប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែងនៅថ្នាក់ក្រសួង និងថ្នាក់ក្រោមជាតិ
ថ្ងៃទី ៖ 22-09-2026, ដោយ​​ Dara007 , 20 Views
                     
ភ្នំពេញៈ លោក ស សុខា បានបង្ហាញការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ដើម្បីជំរុញទឹកចិត្តឱ្យពួកគាត់ កាន់តែមានទំនុកចិត្តក្នុងការបម្រើការងារ និងចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។លោក បានរំលេចវឌ្ឍនភាពនៃកំណើននិងការបន្តពង្រឹងតួនាទីយ៉ាងសកម្មរបស់ស្ត្រីក្នុងមុខតំណែង តាមក្រសួងស្ថាប័ននានា ជាពិសេសគឺភាពរីកចម្រើនមួយក្នុងវិស័យមហាផ្ទៃផ្ទាល់ ដែលបានកំពុងយកចិត្តទុកដាក់ធ្វើឱ្យសម្រេចបានផែនការរៀបចំស្រ្តី ឱ្យទទួលបានមុខតំណែងដឹកនាំនិងថ្នាក់ដឹងនាំ យ៉ាងហោចណាស់ មានស្រ្តីម្នាក់កាន់មុខតំណែងរង ឬអនុប្រធាន គ្រប់អង្គភាពចំណុះតាមឋានានុក្រម។

បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ វត្តមានស្រ្តីក្នុងមុខតំណែងនេះហើយដែលជាផ្នែកមួយសំខាន់មិនអាចខ្វះបាន សម្រាប់ការឈានទៅពង្រឹងឱ្យបានបេសកកម្ម ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។

ក្នុងន័យនេះ លោកបានអំពាវនាវគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាស តួនាទី និងការវាយតម្លៃឱ្យតម្លៃខ្ពស់ចំពោះសមត្ថភាពស្ត្រី ព្រមទាំងការបង្កើតលក្ខខណ្ឌអំណោយផលនានា ដើម្បីជំរុញទឹកចិត្តឱ្យពួកគាត់ កាន់តែមានទំនុកចិត្តក្នុងការបម្រើការងារ និងចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកក៏បានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើនការផ្សព្វផ្សាយអប់រំ និងពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានទាក់ទងនឹងអំពើហិង្សាលើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានក្រើនរំលឹកឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ការឱ្យបានហ្មត់ចត់ចំពោះរាល់ឧបាយកលអូសទាញ ឬបោកបញ្ឆោតផ្សេងៗ ដូចជា៖ ការបោកបញ្ឆោតរៀបការ ឬការសន្យាផ្តល់ការងារធ្វើដែលមានប្រាក់កម្រៃខ្ពស់ខុសពីធម្មតា ដែលជាល្បិចកលនាំឱ្យស្ត្រីធ្លាក់ក្នុងអន្ទាក់នៃការជួញដូរមនុស្ស និងការបញ្ជូនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com