ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម លើកកម្ពស់ជំនាញការងារ និងអាជីពជាក់ស្តែង
ថ្ងៃទី ៖ 22-09-2026, ដោយ​​ Dara007 , 18 Views
                     
កំពង់ចាម: វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ជាគ្រឹះស្ថានរដ្ឋតែមួយគត់ក្នុងខេត្តដែលផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញដែលទីផ្សារការងារត្រូវការ ផ្សារភ្ជាប់ការរៀនទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សមានសមត្ថភាពពិតប្រាកដ និងមានឱកាសការងារកាន់តែច្បាស់។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ចំណុចពិសេសរបស់វិទ្យាស្ថាន គឺការផ្តោតលើ «ជំនាញសម្រាប់ការងារ» ដោយសិស្សមិនត្រឹមតែរៀនទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែទទួលបានការអនុវត្តផ្ទាល់ជាមួយឧបករណ៍ និងបរិក្ខារបច្ចេកទេស ព្រមទាំងការណែនាំពីគ្រូ និងអ្នកជំនាញ ដើម្បីបង្កើនជំនាញ និងទំនុកចិត្តមុនចូលប្រឡូកក្នុងពិភពការងារ។

លោកនាយកមានប្រសាសន៍ថា៖ «យើងផ្តោតលើជំនាញសម្រាប់ការងារ ឱ្យសិស្សមានសមត្ថភាពពិតប្រាកដ ស្របតាមតម្រូវការរបស់ទីផ្សារការងារ និងសង្គម»។

លោកបានបន្តថា វិទ្យាស្ថានក៏ខិតខំបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សហគ្រាស និងដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ឱកាសឱ្យសិស្សចុះកម្មសិក្សា ហាត់ការ និងអនុវត្តការងារជាក់ស្តែង ព្រមទាំងបង្កើនឱកាសទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

ជាមួយគ្នានេះ វិទ្យាស្ថានមានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធាន និងក្រុមប្រឹក្សាផ្តល់យោបល់ ដែលមានប្រធានសភាពាណិជ្ជកម្មខេត្តជាប្រធាន ដើម្បីចូលរួមគាំទ្រ និងផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញជាមួយតម្រូវការរបស់ទីផ្សារការងារផងដែរ។

បើតាមលោកនាយក សម្រាប់ការជួយសម្រួលដល់សិស្ស វិទ្យាស្ថានក៏ផ្តល់កន្លែងស្នាក់នៅ ទឹក និងភ្លើងដោយមិនគិតថ្លៃ។ លោក ហាវ ធិន បានបញ្ជាក់ថា ការបណ្តុះបណ្តាលមិនត្រឹមតែមានគោលដៅឱ្យសិស្សមានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានសមត្ថភាពបង្កើតមុខរបរ និងឈានទៅជាសហគ្រិនផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com