ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ ទំនាក់ទំនងផ្សាយពាណិជ្ជ : 060327222
មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ នឹងក្លាយជាសម្បត្តិរដ្ឋ ខណៈពាក់ព័ន្ធនឹង Online Scam
ថ្ងៃទី ៖ 21-09-2026, ដោយ​​ Dara007 , 51 Views
                     
ព្រៃវែងៈ មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ #8 Park ស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នឹងត្រូវបង្កកទ្រព្យសម្បត្តិ និងរឹបអូសជាសម្បត្តិរដ្ឋ ក្រោយតុលាការបញ្ចប់នីតិវិធី និងចេញសាលក្រមសម្រេចពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានសេណារីយ៉ូពាក់ព័ន្ធរវាងក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលមានឈ្មោះ ចិន ហ្ស៊ី ជាមេខ្លោងធំ និងក្រុមហ៊ុន ហួយវ័ន។

ប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសចុះផ្តិតរូបភាព និងនិពន្ធជាអត្ថបទសារព័ត៌មាន នៅតាមអតីតទីតាំង Online Scams នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ មុនពេលសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ធ្វើនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ដែលនឹងមានជាង២០ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក និងស្ថាប័នអន្តរជាតិធំៗចូលរួម លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការរាជធានីភ្នំពេញ គូសបញ្ជាក់ថា ទីតាំងនេះពីមុនគឺមានបទឧក្រិដ្ឋកម្ម Online Scams ប៉ុន្តែឥឡូវនេះត្រូវបានបិទបញ្ចប់ ដោយករណីនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់តុលាការស៊ើបសួរ។

លោក ហៃ មករា សមាជិកលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ #8 Park ជាទីតាំងស្ថិតនៅក្រោមកម្មសិទ្ធិរបស់ឈ្មោះ ប៊្រេនដុន ឡូ (Brandon Luo) និង លីន ហឺជាំង (Lin He Jiang) និងមានអ្នកឈរឈ្មោះ អៀង សុខលីម។

ការចុះបង្ក្រាបធ្វើឡើងតាំងពីដើមខែកុម្ភៈ ឆ្នាំ២០២៦។ បន្ទាប់មក នៅខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបអង្កេតបានចុះអនុវត្តដីកាឆែកឆេរ និងបានបិទឃុំទីតាំងទាំងស្រុង បន្ទាប់ពីបានឃាត់ខ្លួនឈ្មោះ អៀង សុខលីម ដែលជាមេខ្លោង ហើយបច្ចុប្បន្នតុលាការបានសម្រេចឃុំខ្លួននៅពន្ធនាគារភ្នំពេញ (PJ)។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ មានផ្ទៃដីសរុប ១២០ ហិកតា បែងចែកជាបីតំបន់ ដោយមានអគារសម្រាប់ប្រព្រឹត្តបទល្មើស Online Scams ក្លឹបកម្សាន្ត ហាងទំនិញ ភោជនីយដ្ឋាន និងសំណង់លំនៅដ្ឋាន ជាដើម។ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបទីតាំងបទល្មើស Online Scam ចំនួន ៦៦៣ ទីតាំង។

ក្នុងចំណោមនោះ បានបិទ និងគ្រប់គ្រងមណ្ឌលឆបោកចំនួន ៨៦ ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០ លានដុល្លារអាមេរិក ក្នុងគណនីធនាគារ ក៏ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។

ចំណែកឯក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់ មានចំនួន ៤៤៦ ករណី កំពុងស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ដោយពាក់ព័ន្ធនឹងជនត្រូវចោទ ៣.៩២៧ នាក់ រួមមានមេខ្លោង និងគូកនមកពី ២៩ សញ្ជាតិ។

វិធានការច្បាប់ ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធក្នុងសំណុំរឿងចំនួន ៤ ទាក់ទិននឹងជនសង្ស័យ ១៥ នាក់ រួមមាន៖ ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

ជាមួយគ្នានេះ ជនបរទេសចំនួនជាង ២ ម៉ឺននាក់ មកពី ៣៨ សញ្ជាតិ ក៏ត្រូវបានបញ្ជូនឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com